(សៀមរាប)៖ មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) បានសហការជាមួយអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អ.ម.ធ)/អាជ្ញាធរមីន (CMAA) រួមជាមួយក្រសួងសុខាភិបាលកម្ពុជា និងសេវាសុខាភិបាល សិង្ហបុរី (SingHealth) បើកកម្មវិធីលើកទី៥ នៃវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីអំពីការគាំទ្រចិត្តសង្គម (ToT) រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទីថ្ងៃទី២២ ដល់ ២៦ ខែមេសា ឆ្នាំ២០២៤ នៅលើទឹកដីសៀមរាបអង្គរ។

វគ្គបណ្ដុះបណ្ដាលរយៈពេលចំនួនប្រាំថ្ងៃនេះ បានបង្ហាញពីព្រឹត្តការណ៍ដ៏សំខាន់មួយដែលលើកកម្ពស់និងគាំទ្រដល់គំនិតផ្ដួចផ្ដើមនៃកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាមួយរដ្ឋសមាជិកអាស៊ាន។ គម្រោង «ការលើកកម្ពស់កម្មវិធី នៃកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតាមបណ្តារដ្ឋសមាជិកអាស៊ាន» ឬ ត្រូវបានគេស្គាល់ថាជាគម្រោង «កិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម» បានទទួលជំនួយថវិកាពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េខាងត្បូង តាម  រយៈមូលនិធិសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ (AKCF)។

វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលត្រូវបានផ្ដួចផ្ដើមឡើងដើម្បីពង្រឹងសមត្ថភាពដល់មន្រ្ដីសុខាភិបាល បុគ្គលិកសហគមន៍ និងបណ្ដាញគាំទ្រ នូវចំណេះដឹង និងជំនាញសំខាន់ៗ ដើម្បីផ្ដល់ការគាំទ្រគ្រប់ជ្រុងជ្រោយជូនដល់ជនរងគ្រោះដែលរស់រានមានជីវិតពីគ្រោះថ្នាក់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ។

លោកស្រី ប៊ុត រតនា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) បានមានប្រសាសន៍នៅក្នុងកិច្ចថ្លែងសន្ទរកថាបើកកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្គោលនេះថា៖ “ពួកយើងពិតជាមានក្ដីសោមនស្សរីករាយ ក្នុងការរៀបចំកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្គោលនេះឡើង ដែលជានិមិត្តរូបនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត ដែលរងផលប៉ះពាល់ពីឧប្បត្ដិហេតុយុទ្ធភណ្ឌគ្រឿងផ្ទុះ។ តាមរយៈគំនិតផ្ដួចផ្ដើមនេះ ក្នុងគោលបំណងផ្ដល់សិទ្ធិអំណាចដល់បុគ្គលម្នាក់ៗ ជាមួយនឹងឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការគាំទ្រទៅដល់ការផ្លាស់ប្ដូរដ៏មានប្រសិទ្ទិភាពនិងប្រកបដោយអត្ថន័យជូនដល់ជនរងគ្រោះ និងអ្នកទទួលរងផលប៉ះពាល់ពីព្រឹត្តការណ៍នៃឧប្បត្ដិហេតុនៃយុទ្ធភណ្ឌគ្រឿងផ្ទុះ។

លោក ព្រំ សុភមង្គល អនុប្រធានអាជ្ញាធរមីនបានអញ្ជើញចូលរួមជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល និងបានមានប្រសាសន៍ថា៖ «ពួកយើងពិតជាមានមោទកភាពក្នុងកិច្ចសហការធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនេះជាមួយ មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ដោយបន្តការប្ដេជ្ញាចិត្តរបស់ពួកយើងក្នុងការលើកកម្ពស់កម្មវិធីនៃកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតាមបណ្តារដ្ឋសមាជិកអាស៊ាន។ តាមរយៈការពង្រឹងសមត្ថភាពដល់មន្រ្ដីសុខាភិបាល  និងបុគ្គលិកសហគមន៍ អំពីជំនាញដ៏មានសារៈសំខាន់នេះពួកយើងមានគោលបំណងបង្កើតនូវផលជះដ៏មានអត្ថន័យក្នុងការផ្ដល់ការគាំទ្រដល់ជនរងគ្រោះថ្នាក់ដោយសារឧប្បត្ដិហេតុនៃយុទ្ធភណ្ឌគ្រឿងផ្ទុះ»

«ក្នុងនាមជាដៃគូដែលខិតខំប្រឹងប្រែងនៅក្នុងគំនិតផ្ដួចផ្ដើមដ៏មានសារៈសំខាន់នេះ សេវាសុខាភិបាល សិង្ហបុរី (SingHealth) ប្ដេជ្ញាចិត្តចូលរួមចំណែកក្នុងការផ្ដល់វគ្គបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ពួកយើងមានគោលបំណងពង្រឹងសមត្ថភាពរបស់បុគ្គលម្នាក់ៗ ដើម្បីឱ្យគាត់អាចផ្ដល់ការគាំទ្រចិត្តសង្គម ដល់ជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម»។ ប្រសាសន៍របស់លោកស្រី Tan Irene នាយិកាកម្មវិធីនៃការិយាល័យសហប្រតិបត្តិការអន្តរជាតិ នៃសេវាសុខាភិបាលសិង្ហបុរី(SingHealth)។

កម្មវិធីនៃវគ្គបណ្ដុះបណ្ដាលនឹងរួមបញ្ចូលនូវប្រធានបទជាច្រើន រួមមានផលប៉ះពាល់ចិត្តសង្គមដោយសារមីន, ការកំណត់ស្ថានភាពនៃសុខភាពផ្លូវចិត្ត, ការគ្រប់គ្រងជំនួយបឋមផ្នែកផ្លូវចិត្ត, និងការអនុវត្តយុទ្ធសាស្រ្ដថែទាំខ្លួនឯងសម្រាប់អ្នកថែទាំ។ សិក្ខាកាមទាំងអស់នឹងចូលរួមវគ្គអន្តរកម្ម ការសម្ដែងតួ និងការពិភាក្សាក្រុម ដើម្បីអភិវឌ្ឍជំនាញ និងការយល់ដឹងរបស់ពួកគាត់ក្នុងការផ្ដល់ការគាំទ្រចិត្តសង្គម។

លោកស្រី ប៊ុត រតនា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលតំបន់  អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះដៃគូសហការដ៏ល្អ និងគួរអោយគោរពរួមមាន អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្គ្រោះជនពិការដោយ សារមីន (អ.ម.ធ)/អាជ្ញាធរមីន (CMAA) ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា (MoH) សេវាសុខាភិបាល សិង្ហបុរី (SingHealth) ព្រមទាំងជំនួយថវិកាពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េខាងត្បូង តាមរយៈមូលនិធិសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ (AKCF)។

លោកស្រី ប៊ុត រតនា បានប្រកាសប្ដេជ្ញាចិត្ត រួមគ្នាក្នុងការអភិវឌ្ឍសហគមន៍ឱ្យមានសមត្ថភាពកាន់តែប្រសើរឡើង និងផ្ដល់ការគាំទ្រដោយការយកចិត្តទុកដាក់ដល់ជនរងគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) មានការិយាល័យកណ្ដាលនៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ ARMAC មានតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលកិច្ចសហប្រតិបត្តិការនៅតាមបណ្តារដ្ឋសមាជិកអាស៊ាន និងភាគីពាក់ព័ន្ធផ្សេងៗទៀត ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមដោយសារ គ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្រ្គាម។ ARMAC ប្ដេជ្ញាចិត្តពង្រីកសក្ដានុពលរបស់ខ្លួននៅទូទាំងតំបន់ ដោយបន្តបេសកកម្មរបស់ខ្លួនឆ្ពោះទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដែលប្រកបដោយសុវត្ថិភាព និងវិបុលភាព៕