(ភ្នំពេញ)៖ លោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) បានផ្ដល់អនុសាសន៍៤ចំណុចដល់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ សម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព ពិសេសពង្រីកការអភិវឌ្ឍវិស័យទេសចរណ៍សៀមរាប-អង្គរ ស្របតាមអនុសាសន៍របស់រាជរដ្ឋាភិបាលនីតិកាលទី៧។

ការផ្ដល់អនុសាសន៍នេះធ្វើឡើងកិច្ចប្រជុំលើកទី១ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅស្ដីការគណៈរដ្ឋមន្ត្រី ដែលមានសមាសភាពចូលរួមប្រមាណ៩០នាក់។

លោកទេសរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញពីគោលបំណងនៃកិច្ចប្រជុំលើកទី១នេះ គឺដើម្បីផ្សព្វផ្សាយអំពីការរៀបចំគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងដើម្បីផ្សព្វផ្សាយដល់គ្រប់ភាគីក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យបានជ្រាបកាន់តែច្បាស់អំពីចក្ខុវិស័យ និងខ្លឹមសាររួមនៃ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥» រួមជាមួយនឹងការឈានទៅកំណត់ទិសដៅសកម្មភាពការងារទៅមុខរួមគ្នា សំដៅចូលរួមដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគ.អ.ទ.ស. បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងខេត្តសៀមរាប និងបានស្នើសុំកិច្ចសហការពីគ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ និងរដ្ឋបាលខេត្តសៀមរាប សូមបន្តចូលរួមឱ្យបានសកម្មក្នុងយន្តការ គ.អ.ទ.ស. ដើម្បីជំរុញការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យសម្រេចបានជោគជ័យ ធានាប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដែលនឹងបានជាផ្លែផ្កាចូលរួមដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ព្រមជាមួយនឹងការគាំទ្រដល់ការរីកចម្រើននៃអន្តរវិស័យនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចសង្គម។

ដើម្បីជំរុញយន្តការស្ថាប័ន និងការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព លោកទេសរដ្ឋមន្ត្រី ថោង ខុន ក៏បានលើកឡើងនូវអនុសាសន៍មួយចំនួន៖

ទី១. ស្នើជំរុញរៀបចំរចនាសម្ព័ន្ធ យន្តការការងារឱ្យបានគ្រប់ជ្រុងជ្រោយស្របតាមស្មារតី អនុក្រឹត្យលេខ៥១ អនក្រ.បក ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដោយត្រូវរៀបចំឱ្យបានរហ័សនូវរបៀបរបបការងាររបស់ គ.អ.ទ.ស. ក្នុងនោះត្រូវរៀបចំលេខាធិការដ្ឋានឱ្យបានរួចរាល់ ហើយលេខាធិការដ្ឋាននឹងជួយជាសេនាធិការក្នុងការរៀបចំ គណៈប្រតិបត្តិ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងជំរុញការរៀបចំអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក (Sub-DMOs) សម្រាប់តំបន់អាទិភាពទាំង៦ ពិសេសនៅតំបន់ឧទ្យានជាតិភ្នំគូលែន និងតំបន់បឹងទន្លេសាប ដោយត្រូវរៀបចំសមាសភាពឱ្យបានរួចរាល់នៅក្នុងឆ្នាំ២០២៤។

ទី២. ស្នើរៀបចំធ្វើបច្ចុប្បន្នភាព និងជំរុញការអនុវត្តផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប សម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៥ ដោយត្រូវមានផែនការតាមតំបន់អាទិភាពដែលបំពេញឱ្យគ្នាទៅវិញទៅមក។

ទី៣. ស្នើជំរុញការពង្រឹងគុណភាពទេសចរណ៍ នៅតាមគោលដៅទេសចរណ៍អាទិភាពនៅក្នុងខេត្តសៀមរាប ដោយត្រូវយកចិត្តទុកដាក់លើការពង្រឹងគុណភាពសេវាកម្ម និងផលិតផលទេសចរណ៍, ការបណ្តុះបណ្តាលមូលធនមនុស្សក្នុងឧស្សាហកម្មទេសចរណ៍ និងការជំរុញចលនាប្រលងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ”។

ទី៤. លេខាធិការដ្ឋានត្រូវរៀបចំបណ្តុះបណ្តាលអំពីផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ដល់គ្រប់ភាគីពាក់ព័ន្ធ ពិសេសរដ្ឋបាលខេត្ត ក្រុង ស្រុក អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក អាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងសហគមន៍មូលដ្ឋាន៕