(ភ្នំពេញ)៖ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានយកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនលោកយាយអតីតមេទ័ព ស៊ឹម នីន ក្រោយពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តល់លុយចំនួន៤០០០ដុល្លារ សម្រាប់ទិញដី មួយកន្លែង ហើយសម្តេចតេជោ ហ៊ុន សែន បានផ្តល់លុយចំនួន៤០០០ដុល្លារ សម្រាប់សង់ផ្ទះ។

អ្នកស្រី ស៊ឹម នីន អតីតជាស្ត្រីមេទ័ពដ៏ក្លាហានធ្លាប់ដឹកនាំកូនទាហាន ចេញប្រយុទ្ធនៅលើសមរភូមិរាប់មិនអស់ តាំងពីសម័យតស៊ូវាយ រំដោះប្រទេសពីរបបខ្មែរក្រហម រហូតដល់សម័យសង្គ្រាមស៊ីវិល ហើយក្រោយមកអ្នកស្រីត្រូវបានរំសាយចេញពីកងទ័ព នាសម័យ អ៊ុនតាក់ បច្ចុប្បន្នអ្នកស្រីកំពុងជួបបញ្ហាជីវភាពខ្វះខាតនោះ ឥឡូវត្រូវបានសម្ដេចវិបុលសេនាភក្ដីសាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានសមាគមអតីតយុទ្ធជនកម្ពុជា យកចិត្តទុកដាក់ជួយឧបត្ថម្ភឲ្យមានជីវភាពល្អប្រសើរឡើងវិញ បន្ទាប់ពីសម្ដេចទាំងពីរទទួលបានព័ត៌មានពីការខ្វះខាតខាងជីវភាពរបស់អតីតយុទ្ធជននេះរួចមក។

កាលពីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ក្រោយពីទទួលបានព័ត៌មានស្ដីពីអតីតយុទ្ធជនម្នាក់ជាស្ត្រី បច្ចុប្បន្នកំពុងរស់នៅក្នុងជីវភាព ខ្វះខាតរួចមក សម្ដេចវិបុលសេនាភក្ដី ប្រធានព្រឹទ្ធសភាបានអញ្ជើញចុះទៅសាកសួរសុខទុក្ខ ដោយផ្ទាល់ដល់កន្លែងស្នាក់នៅ របស់អ្នកស្រីដែលមានទីតាំងនៅភូមិសាមគ្គីទី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ស្ថិតក្នុងវ័យ ៦០ ឆ្នាំ អ្នកស្រី ស៊ឹម នីន បានរៀបរាប់អោយដឹងថា អ្នកស្រី បានចូលបម្រើកងទ័ព តាំងពីឆ្នាំ ១៩៧៧ នាសម័យខ្មែរក្រហមគ្រប់គ្រងប្រទេស ហើយអ្នកស្រីធ្លាប់បាន ទៅហ្វឹកហាត់កងទ័ពនៅជំរុំឡុងយ៉ាវ ប្រទេសវៀតណាមនៅក្នុងក្រុមចលនាតស៊ូវាយផ្ដួលរំលំរបបខ្មែរក្រហមទៀតផង។

ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ អ្នកស្រីបានចូលមកបម្រើការងារ និងចូលរួមប្រយុទ្ធនៅតាមសមរភូមិជាច្រើនកន្លែងនៅក្នុង ខេត្ត កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង និងសមរភូមិជាច្រើនទៀត។ ក្រោយមកអ្នកស្រី ត្រូវបានថ្នាក់លើប្រគល់ភារកិច្ចអោយមកទទួលខុសត្រូវ ជាអនុប្រធានអង្គភាពនារី កាត់ដេរកងទ័ពវិញ។ ហើយបន្ទាប់មកទៀត អ្នកស្រី ក៏ត្រូវបានកាត់ចេញ ពីក្របខណ្ឌកងទ័ព មកជាប្រជាជន ធម្មតាវិញនាសម័យបង្រួបបង្រួមជាតិក្រោមវត្តមានអ៊ុនតាក់ ហើយចាប់ពីពេលនោះមក អ្នកស្រីបានរស់នៅក្នុង ជីវភាពទីទ័លក្រ នៅតំបន់ ជនបទជាយក្រុងក្នុងខណ្ឌពោធិ៍សែនជ័យរហូតមកដល់សព្វថ្ងៃនេះ។

ខណៈជួបសំណេះសំណាលសាកសួរសុខទុក្ខនោះ សម្តេចវិបុលសេនាភក្តីសាយ ឈុំ បានសម្រេចផ្តល់ថវិកាចំនួន៤,០០០ដុល្លារ សម្រាប់ ទិញដីមួយកន្លែងនៅក្នុងសង្កាត់ត្រពាំងក្រសាំងនេះជូនអ្នកស្រី ហើយជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធាន សមាគម អតីតយុទ្ធជនកម្ពុជា ក៏បានឧបត្ថម្ភថវិកាចំនួន ៤,០០០ ដុល្លារទៀត សម្រាប់សាងសង់ផ្ទះជូនអ្នកស្រី ស៊ឹម នីន សម្រាប់រស់នៅជា កម្មសិទ្ធិអោយបានសមរម្យឡើងវិញផងដែរ។

សូមបញ្ជាក់ថាកាលពីពេលថ្មីៗនេះ ដោយមើលឃើញពីជីវភាពខ្វះខាតរបស់អតីតយុទ្ធជន ដែលជាស្ត្រីវ័យចំណាស់ខាងលើ ដែលមាន មុខរបរដើររើសអេតចាយ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ក៏បានពាំនាំយកអំណោយទៅប្រគល់ជូន អ្នកស្រី ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ហើយអង្គភាពព័ត៌មាន Fresh News ក៏បានជួយផ្សព្វផ្សាយស្ដីពីទុក្ខលំបាក របស់ស្ត្រីអតីត មេទ័ពខាងលើនេះ ហើយក៏មានសប្បុរសជនមួយចំនួនបានដឹង និងជួយឧបត្ថម្ភជាបន្តបន្ទាប់ និងពេលនេះក៏ត្រូវបានការយកចិត្តទុក ដាក់ជួយឧបត្ថម្ភពីសម្ដេចថ្នាក់ដឹកនាំទាំងពីរបន្ថែមទៀតផងដែរ៕