(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយនឹងថ្នាក់ដឹកនាំនៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ បាននាំយកថវិកាធានារ៉ាប់រងសង្គមចំនួន ២២.១៩៥.២០០រៀល និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ  ចន្ទមុន្នី ទៅឧបត្ថម្ភជូនគ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារ នៅក្រុងស្ទឹងសែន។ 

គ្រួសារសពអតីតយុទ្ធជនទាំង ២គ្រួសារនោះក្នុងមួយគ្រួសារសព ទទួលបានថវិកាជាង ១១ លានរៀល និងអង្ករ ២៥គីឡូក្រាម មីជាតិ ១កេស ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ និងត្រីខកំប៉ុង ១យួរផងដែរ។

លោក ជួន សិលាវុត ប្រធានសាខាមូលនិធិជំនួយសង្គមនៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ បានជម្រាបជូនក្រុមគ្រួសារសពអតីតយុទ្ធជន អំពីរបបថវិកាធានារ៉ាប់រងសង្គម ដែលគ្រួសារនីមួយៗ ត្រូវទទួលបានទៅតាមឋានន្តរសក្តិ និងអតីតភាពការងាររបស់សពអតីតយុទ្ធជននីមួយៗ ហើយថវិកាធានារ៉ាប់រងសង្គមដែលត្រូវបានប្រគល់ជូននៅពេលនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីប្រមុខរដ្ឋាភិបាលកម្ពុជា។

នាឱកាសនោះលោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិតរបស់អតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិនិងប្រជាជន និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបងប្អូនអតីតយុទ្ធជនទាំងនោះ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការចង្អុលណែនាំរបស់លោកទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម លោកបានយកចិត្តទុកដាក់គ្រប់បែបយ៉ាងពីសុខទុក្ខនិជីវភាពរស់របស់អតីតយុទ្ធជននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ព្រោះអតីតយុទ្ធជនបានចូលរួមចំណែកធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឱ្យដឹងដែរថា ថវិកាធានារ៉ាប់រងសង្គមដែលត្រូវប្រគល់ជូនគ្រួសារសពអតីតយុទ្ធជននៅថ្ងៃនេះ គឺដោយសារការផ្ដួចផ្ដើមឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ និងជាដើមទុនក្នុងការប្រកបមុខរបររកទទួលទានរបស់ក្រុមគ្រួសារសពអតីតយុទ្ធជន ដូច្នេះសំណូមពរដល់គ្រួសារសពអតីតយុទ្ធជនត្រូវខិតខំប្រកបមុខរបររកទទួលទានចិញ្ចឹមជីវិតដោយសុចរិតទៀងត្រង់ និងស្របតាមច្បាប់កំណត់៕