(រតនគិរី)៖ កម្លាំងនគរបាលក្រុងបានលុង ខេត្តរតនគិរី សហការជាមួយកម្លាំងអាវុធហត្ថ ក្រុងបានលុង នៅយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ បានដេញស្ទាក់ចាប់រថយន្តមួយគ្រឿង លួចដឹកឈើប្រណិត លើកំណាត់ផ្លូវជាតិ លេខ៧៨ មានទិសដៅពីលិចទៅកើត ក្នុងភូមិមួយ សង្កាត់កាចាញ ក្រុងបានលុង ដែលរថយន្តនេះត្រូវបានសមត្ថកិច្ចប្រាប់ថា បានលួចដឹកចេញពីតំបន់ក្របីជ្រុំ ផ្លូវចាស់លេខ៧៨ ទៅខេត្តស្ទឹងត្រែង។

សមត្ថកិច្ចដែលចុះប្រតិបត្តិការ តាមចាប់រថយន្តដឹកឈើប្រណិត ខាងលើនេះ បានប្រាប់ថា បន្ទាប់ពីទទួលព័ត៌មានសម្ងាត់ ស្តីពីសកម្មភាពលួចដឹកឈើប្រណិត ចូលក្រុងនោះរួចមក កម្លាំងចំរុះ ក៏សុំយោបល់ថ្នាក់លើ ចុះបង្ក្រាបតែម្តង។ សមត្ថកិច្ចបានបន្តទៀតថា រថយន្តនេះម៉ាកតូយ៉ូតាមួយបាំងកន្លះពណ៌ស ពាក់ស្លាកលេខតាកែវ 2A-0849 ដែលផ្ទុកឈើប្រណិត ធ្នង់ជាច្រើនដុំ រួចនាំមករក្សាទុក នៅអធិការរដ្ឋាននគរបាល ក្រុងបានលុង។ នៅព្រឹកថ្ងៃទី៩ ខែកញ្ញានេះ កម្លាំងសមត្ថកិច្ចក្រុងបានលុង បានប្រគល់វត្ថុតាងឲ្យរដ្ឋបាលព្រៃឈើ ផ្នែកលំផាត់ចាត់ចែង តាមច្បាប់ស្តីពីព្រៃឈើ៕