(សៀងហៃ)៖ នាយករដ្ឋមន្រ្តីចិនលោក Li Keqiang បានប្រាប់ប្រធានាធិបតី ប្រទេសហ្វីលីពីន លោក Rodrigo Duterte ថា លោកសង្ឃឹមថាប្រទេសចិននិង ប្រទេសហ្វីលីពីន អាចរួមសហការគ្នា ដើម្បីធ្វើឲ្យ ចំណងទាក់ទងទ្វេភាគី របស់ប្រទេសទាំងពីរវិល ទៅរកភាពប្រសើរឡើងវិញ។ នេះបើតាមការផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០១៦។

មេដឹកនាំទាំងពីរបានជួបពិភាក្សាគ្នា នៅក្នុងជំនួបក្រៅផ្លូវការ នៃកិច្ចប្រជុំកំពូល អាស៊ាន នៅឯទីក្រុង វៀងច័ន្ទ ប្រទេសឡាវ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈដែលប្រទេសទាំងពីរ កំពុងតែមានភាព តានតឹងខ្លាំងលើបញ្ហាវិវាទដែនសមុទ្រចិនខាងត្បូង។ លោក Li សង្ឃឹមថាមិត្តភាពរវាងចិន និងហ្វីលីពីន នឹងធ្វើឲ្យលេចឡើងនូវការ អភិវឌ្ឍដែលមានស្ថិរភាព នៅក្នុងប្រទេសទាំងពីរ។ រីឯលោក Duterte បាននិយាយតបវិញថា ការលើកឡើងរបស់នាយករដ្ឋមន្រ្តីចិន ក៏បង្ហាញឲ្យឃើញពីគោលការណ៍ផ្ទាល់ខ្លួន របស់លោកផងដែរ ហើយការបង្កើនទំនាក់ទំនងជាមួយចិន គឺជាចេតនាចម្បងរបស់លោក។

គួរបញ្ជាក់ដែរថា កាលពីខែកក្កដាកន្លងទៅ ហ្វីលីពីនបានឈ្នះក្តីលើចិនដោយ តុលាការទីក្រុងឡាអេ បានសម្រេចសេចក្តីថា ការសាងសង់កោះសិប្បនិម្មិត របស់ប្រទេសចិន ដោយចិត្តឯងនៅ សមុទ្រចិនខាងត្បូង គឺជារឿងមិនស្របច្បាប់ ហើយការទាមទារយកដែនវិវាទសមុទ្រ នោះធ្វើឡើងដោយ គ្មានមូលដ្ឋានច្បាស់លាល់ឡើយ ប៉ុន្តែប្រទេសចិនបានបដិសេដ មិនទទួលយកការកាត់ក្តី នោះឡើយ៕