(ភ្នំពេញ)៖ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣ ២០២៨ ដែលបានដាក់ចេញ មានភាពច្បាស់លាស់ ជួយឲ្យប្រជាជនមានជីវភាពប្រសើរ និងការអភិវឌ្ឍរបស់កម្ពុជា ឆ្ពោះទៅសម្រេចគោលដៅជាប្រទេសអព្យាក្រឹតកាបូន។ នេះជាការលើកឡើងរបស់ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងឱកាសផ្សព្វផ្សាយក្នុងអង្គប្រជុំនៃវេទិការអង្គការក្រៅរដ្ឋាភិបាល (NGOs Forum) នៅរាជធានីភ្នំពេញ នាថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤។

លោកបានលើកឡើងបន្ថែមថា យុទ្ធសាស្រ្តចក្រា ជាត្រីវិស័យ ចង្អុលបង្ហាញផ្លូវឆ្ពោះទៅ ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង។

លោកបានគូសបញ្ជាក់ទៀតថា យុទ្ធសាស្រ្តចក្រាបានរចនាឡើងជារូបរង្វង់ ដោយមានយុទ្ធសាស្រ្តស្នូល ផ្តោតលើមុំចំនួន៣ រួមមាន៖ ពង្រឹងគោលនយោបាយ កសាងរដ្ឋបាល ឌីជីថល និងពង្រីកការផ្សព្វផ្សាយ ដែលមុំទាំងបីនេះ ជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញបង្វិលយុទ្ធសាស្រ្ត បីផ្សេងទៀត ឱ្យដំណើរការដោយជោគជ័យ គឺយុទ្ធសាស្រ្តទី១ ភាពស្អាត ដែលផ្តោតលើមុំ គ្រប់គ្រងការបំពុល ធ្វើទំនើបកម្ម សមត្ថភាពវិនិច្ឆ័យការបំពុល និងលើកកម្ពស់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន យុទ្ធសាស្រ្តទី២ ភាពបៃតង ផ្តោតលើមុំ ពង្រីកចលនាដាំដើមឈើ ជំរុញការគ្រប់គ្រងតំបន់ការពារ ធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងយុទ្ធសាស្រ្តទី៣ ចីរភាព ផ្តោតលើមុំ ធ្វើអនុលោមភាព ពង្រីកសហប្រតិបត្តិការ និងពង្រឹងការសម្របសម្រួល។

សូមបញ្ជាក់ថា ឈរលើភាពស្អាត ដោយផ្តើមចេញពីការគាំទ្ររបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ កម្មករ កម្មការនី ប្រជាពលរដ្ឋកម្ពុជា ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចំនួនជាង៧លាននាក់ ដែលបានរួមចំណែកដោយបេះដូង ធ្វើឱ្យសាលារៀនស្អាត វត្តអារាមស្អាត ភូមិឋានស្អាត សហគមន៍ស្អាត និងទីក្រុងស្អាត គឺជាភាពជោគជ័យរបស់យើងទាំងអស់គ្នា។ យុទ្ធនាការនេះ បានជួយឱ្យយើងមានភាពស្អាតទាំងក្នុង និងក្រៅ ប្រៀបដូចជាភាពស្រស់ស្អាត ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគឱ្យមកប្រទេសរបស់យើង។ លើសពីភាពស្អាត ការដាំ និងស្តារព្រៃឈើ ដើម្បីភាពបៃតង នឹងរក្សាបាននូវអព្យាក្រឹតកាបូន ដែលជាចំណែកនៃការរកប្រាក់ចំណូលបន្ថែមរបស់ប្រជាសហគមន៍ នឹងជួយឱ្យមានការអភិវឌ្ឍដោយចីរភាព។

ជាមួយគ្នានេះ លោកបានសំដែងការីករាយ និងស្វាគមន៍ចំពោះបណ្តាដៃគូសហការ និងអភិវឌ្ឍន៍ ចូលរួមលើអាទិភាពការងាររបស់ក្រសួងបរិស្ថាន ឆ្លើយតបយុទ្ធសាស្រ្តចក្រា ដែលបានដាក់ចេញ ជាពិសេសគ្រប់គម្រោងអភិវឌ្ឍន៍ ដែលបានគាំទ្រ ដល់ការលើកស្ទួយជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ ដើម្បីទទួលបានភាពជោគជ័យជាមួយគ្នា ឆ្ពោះទៅគោលដៅសម្រេចបានកម្ពុជាជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃ៦០% នៅឆ្នាំ២០៥០៕