(ហាណូយ)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងសម័យបើកវេទិកាអនាគតអាស៊ាន ដែលផ្តួចផ្តើម និងរៀបចំដោយប្រទេសវៀតណាម ក្រោមប្រធានបទ «ឆ្ពោះទៅរកកំណើនយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពនៃសហគមន៍អាស៊ានមួយដែលយកប្រជាជនជាស្នូល» នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅក្នុងសន្ទរកថាអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីតួនាទីនៃវេទិកាអនាគតអាស៊ាន ដែលជាវេទិកាសម្រាប់អាស៊ាន និងដៃគូ ក្នុងការចែករំលែកគំនិតថ្មីៗ និងអនុសាសន៍គោលនយោបាយ។ លោកបណ្ឌិតបានសង្កត់ធ្ងន់ពីពេលវេលាដ៏សមស្របនៃការរៀបចំវេទិកានេះ ដើម្បីគិតគូរពីអនាគត ជាពិសេស ស្របពេលដែលអាស៊ានកំពុងតាក់តែងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងរៀបចំផែនការយុទ្ធសាស្ត្ររបស់ចក្ខុវិស័យនេះ។

នៅព្រឹកថ្ងៃដដែលលោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាសំខាន់ៗ ដែលស្ថិតនៅលើរបៀបវារៈរបស់អាស៊ាន រួមមាន ការតាក់តែងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងផែនការយុទ្ធសាស្ត្រទាំង៤ វឌ្ឍនភាពនៃដំណើរការរបស់ទីម័រខាងកើត ឆ្ពោះទៅរកសមាជិកភាពពេញសិទ្ធិនៅក្នុងអាស៊ាន ការផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ា ជាដើម។

ដោយឡែកនៅរសៀលថ្ងៃទី២៣ ខែមេសា លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមពិសាបាយថ្ងៃត្រង់ធុរកិច្ច រៀបចំដោយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅក្នុងឱកាសនៃវេទិកាអនាគតអាស៊ាន។ មូលបទនៃព្រឹត្តិការណ៍នេះ គឺផ្តោតលើ «ឆ្ពោះទៅរកសហគមន៍ធុរកិច្ចអាស៊ានមួយដែលស្អិតរមួត ធន់ និងមានចីរភាព៖ ចាប់យកឱកាសនៅក្នុងយុគសម័យឌីជីថល»។ នៅក្នុងពិធីបាយថ្ងៃត្រង់នេះ លោកអគ្គលេខាធិការអាស៊ាន បានថ្លែងសន្ទរកថា ស្តីពីកាលានុវត្តភាព និងការប្រឈមនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល នៅក្នុងអាស៊ាន។

នៅរសៀលថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សារកវិធីក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ដើម្បីពង្រឹងមជ្ឈភាពអាស៊ាន និងសាមគ្គីភាពអាស៊ាន ចំពេលដែលនិម្មាបនកម្មតំបន់កំពុងវិវត្តន៍។ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលំហសមុទ្រ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗមួយចំនួនទៀត។

បន្តពីនេះលោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Dao Ngoc Dung រដ្ឋមន្ត្រីក្រសួងការងារ ជនពិការ និងសង្គមកិច្ចវៀតណាម។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីអាទិភាពនានារបស់អាស៊ាន ពាក់ព័ន្ធនឹងវិស័យសង្គម-វប្បធម៌។

បន្ថែមពីនេះលោកបណ្ឌិត កៅ គឹមហួន បានអនុញ្ញាតឱ្យលោកបណ្ឌិត Dino Patti Djalal ប្រធានសហគមន៍គោលនយោបាយការបរទេសឥណ្ឌូណេស៊ី ចូលជួបពិភាក្សាការងារ នៅក្នុងឱកាសនៃវេទិកាអនាគតអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីការវិវត្តន៍នៅក្នុងតំបន់ ក៏ដូចជា រកវិធីដើម្បីលើកកម្ពស់ចក្ខុវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕