(ក្រចេះ)៖ កម្លាំងសមត្ថកិច្ចចម្រុះ បានបង្ក្រាប និងរឹបអូសគ្រឿងចក្រ (អេស្កាម៉ូទ័រ) មួយគ្រឿង ដែលធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹកនៅចំណុចភូមិម្រើម ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

ប្រតិបត្តិការខាងលើនេះ ធ្វើឡើងដោយមន្ត្រីខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ សហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងសហគមន៍នេសាទមូលដ្ឋាន។

លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្ត បានឲ្យដឹងថា ជនខិលខូចបានប្រើប្រាស់គ្រឿងចក្រអេស្កាវ៉ូទ័រមួយគ្រឿង ធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹក បម្រុងយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ប្រមាណជា១០ហិចតា ប៉ុន្តែនៅពេលដែលកម្លាំងសមត្ថកិច្ចជំនាញចុះទៅដល់ឃាត់នោះ គ្រឿងចក្រខាងលើធ្វើសកម្មភាពឈូសឆាយបានប្រមាណជាងមួយហិចតាប៉ុណ្ណោះ ក៏ត្រូវបានរឹបអូសយកទៅរក្សាទុក ហើយកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តក្រចេះ ដើម្បីបន្តចាត់វិធានការផ្លូវច្បាប់ស្តីពីជលផល។

ប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញមិនបានចាប់ម្ចាស់គ្រឿងចក្រនៅឡើយទេ ដោយសារពេលកម្លាំងសមត្ថកិច្ចទៅដល់ ពួកគេបានរត់គេចខ្លួនបាត់ មិនសល់ទុកគ្រឿងចក្រនៅទីតាំងដីខាងលើនោះ។ សមត្ថកិច្ចជំនាញ បានអះអាងថានឹងបន្តស្រាវជ្រាវកំណត់មុខសញ្ញា ដើម្បីកសាងសំណុំរឿងបន្តចាត់ការទៅតាមនីតិវិធី៕