(ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា-ចិន បានឯកភាពគ្នាក្នុងការបន្ស៉ីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងយុទ្ធសាស្ត្របញ្ច កោណដំណាក់កាលទី១ ឱ្យកាន់តែស៊ីជម្រៅ ដើម្បីកសាងសហគមន៍វាសនារួមកម្ពុជា-ចិនប្រកបដោយភាពស៊ីជម្រៅនិងជាក់ស្តែង។

ការឯកភាពគ្នារវាងរដ្ឋាភិបាលកម្ពុជា-ចិន បានធ្វើឡើងអំឡុងទស្សនកិច្ចរបស់ លោក វ៉ាង យី សមាជិកការិយាល័យនយោបាយ, ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសចិន មកកាន់ប្រទេសកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់២៣ ខែមេសា ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍រួមកម្ពុជា-ចិន ស្តីពីលទ្ធផលនៃទស្សនកិច្ចនេះ បានឱ្យដឹងថា៖ «ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្ស៉ីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឱ្យកាន់តែស៊ីជម្រៅ, ពន្លឿនការបង្កើតផែនការសហប្រតិបត្តិការសម្រាប់ច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា, ជំរុញការរៀបចំផែនការគោល និងការរៀបចំផ្លូវដែកកម្ពុជា-ចិន, និងផ្តល់មជ្ឈមណ្ឌលធ្វើនិទស្សន៍កសិកម្មចិន និងគម្រោងប្រមូលផលដើមដៃផ្សេងទៀតនៃច្រករបៀងមច្ឆានិងអង្ករ និងធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន»

គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គឺជាយុទ្ធសាស្ត្រមួយត្រូវបានបង្កើតឡើងដោយ លោកប្រធានាធិបតី ស៊ី ជិនពីង កាលពីឆ្នាំ២០១៣ ដែលមានសមាសធាតុសំខាន់ពីរ គឺខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវគោកតាមបណ្តោយផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សទី២១ ដែលមានបំណងតភ្ជាប់ប្រទេសចិនតាមបណ្តាប្រទេសអាស៊ីមួយចំនួនទៅកាន់ទ្វីបអឺរ៉ុប។

ចំណែកយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ត្រូវបានដាក់ចេញដោយ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយកំណត់យកអាទិភាព «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដើម្បីធ្វើយ៉ាងណាជំរុញឱ្យកម្ពុជាឈានទៅសម្រេចគោលដៅជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០៕