(ស្វាយរៀង)៖ លោក ម៉ក់ សម្បត្ដិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានស្នើឱ្យរដ្ឋបាលគ្រប់ថ្នាក់ គ្រប់អង្គភាព ចូលរួមផ្តល់កិច្ចសហការល្អ ជាមួយក្រុមការងារអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ ដើម្បីឱ្យដំណើរការនៃការ ធ្វើសវនកម្មនេះប្រព្រឹត្តិទៅទទួលបានលទ្ធផលល្អប្រសើរ និងទទួលយកនូវអនុសាសន៍នានាដើម្បីកែលម្អ ដល់គ្រប់គ្រងដឹកនាំរបស់អង្គភាពនីមួយៗកាន់តែមានភាពល្អប្រសើរ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ការស្នើបែបនេះ របស់លោក ម៉ក់ សម្បត្តិ អនុរដ្ឋាធិការក្រសួងមហាផ្ទៃ បាននៅក្នុងឱកាសដែលលោកចូលរួមបើកសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តស្វាយរៀង សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ (ផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធធានាគារ) នារសៀលថ្ងៃទី ២២ ខែមេសាឆ្នាំ២០២៤។

កិច្ចប្រជុំនេះក៏មានការចូលរួម លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត ព្រមទាំងលោកលោកស្រីដែលជាអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

លោក សុខ រស់ បានថ្លែងថា កិច្ចប្រជុំដ៏សំខាន់សម្រាប់ការងារសនវកម្មផ្ទៃក្នុង​ ព្រោះត្រូវបានចាត់ទុកថា​ ជាការងារអាទិភាពមួយដ៏មានសារៈសំខាន់ និងទទួលបានការយកចិត្ដទុកដាក់យ៉ាងខ្លាំង ហើយការអនុវត្ដកិច្ចការនេះ បានក្លាយជាកាតព្វកិច្ចដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដនានា។

លោកបានបន្តថា ទន្ទឹមនោះ ជាកិច្ចការដែលមានភាពឯករាជ្យ និងជាមុខងាររបស់ស្ថាប័ន ដែលបានផ្ដល់នូវគុណតម្លៃបន្ថែម និងលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផល នៃកិច្ចប្រតិបត្ដិការនានារបស់ស្ថាប័ននីមួយៗ ដែលជួយឱ្យសម្រេចនូវគោលបំណង តាមរយៈការពិនិត្យមើល និងវាយតម្លៃនូវកិច្ចដំណើរការនានា នៃការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យ និងអភិបាលកិច្ចរបស់ស្ថាប័ន។

លោកបន្ថែមថា ភាពប្រសើឡើងពីមួយជំហាន ទៅមួយជំហាន តាមរយៈការខិតខំសិក្សារៀនសូត្របន្ថែម នូវរាល់វិធានច្បាប់នានាដែលបានដាក់ចេញ និងការទទួលយកនូវការផ្ដល់ជាគំនិត យោបល់ បទពិសោធន៍ ពីមន្រ្ដីជំនាញ ជាពិសេស ត្រូវហ៊ានទទួលស្គាល់កំហុស និងកែកំហុស ដើម្បីអភិវឌ្ឍន៍សមត្ថភាពជំនាញ និងស្ថាប័នរបស់ខ្លួនឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងនោះការងារសវនកម្ម ជាផ្នែកមួយដ៏មានសារសំខាន់បំផុត ដែលមិនអាចខ្វះបាន ក្នុងការកែតម្រូវ និងកែលម្អចំណុចអវិជ្ជមាន បំពេញបន្ថែមចំណុចខ្វះខាត ឈានទៅលុបបំបាត់កំហុសឆ្គងនាពេលខាងមុខ និងជាការដាស់តឿនដល់មន្រ្ដីរាជការ ឱ្យខិតខំសិក្សាឈ្វែងយល់ពីច្បាប់ លិខិតបទដ្ឋានគតិយុត្ដ ដែលបានដាក់ចេញថ្មីៗជាបន្ដបន្ទាប់ ជៀសវាងអនុវត្តតាមវិធីសាស្រ្ដដដែលៗ ដែលពុំសមស្របទៅនឹងការវិវឌ្ឍរីកចម្រើន នៃសេដ្ឋកិច្ច សង្គម និងសកលលោក។

បន្ថែមលើសពីនេះ លោក  ម៉ក់ សម្បត្តិ បានលើកឡើងថា នៅក្នុងបរិបទនៃដំណើរការផ្លាស់ប្ដូរបន្ដិចម្ដងៗ ឬទំនើបកម្មរដ្ឋបាលសាធារណៈនេះ ការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ទៅក្នុងការរៀបចំតាក់តែង និងការអនុវត្តជាប្រព័ន្ធ នូវកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ពិតជាមានភាពចាំបាច់ណាស់ នៅក្នុងខណៈដែលរដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែត្រូវបានផ្តល់នូវ សិទ្ធិអំណាចច្រើនឡើងៗ តាមរយៈការផ្ទេរមុខងារ និងការទទួលខុសត្រូវ ពីថ្នាក់ជាតិ ជាក់ស្ដែងសិទ្ធិអំណាចនៅក្នុង ក្របខ័ណ្ឌនៃការអនុវត្តថវិកា កម្មវិធីដែលកំពុងត្រូវបានអនុវត្ត ជាជំហានៗ៕