(សៀមរាប)៖ សប្ដាហ៍ទី៣ នៃខែមេសា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ ចំណុះក្រោមអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ និងសំណង់សាធារណៈផ្សេងៗ និងអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន១៤ករណី។

ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ទទួលបានការអនុញ្ញាត​រួមមាន៖ ស្រុកពួកអនុញ្ញាតបានចំនួន៩ករណី និងក្រុងសៀមរាបអនុញ្ញាតបានចំនួន៥ករណី។

ចំពោះប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតខាងលើ ក្រុមការងារបច្ចេកទេសបានជួយរៀបចំគំនូសប្លង់ ដែលមានស្ថាបត្យកម្មបែបប្រពៃណីជូនពួកគាត់ផងដែរ។ រាល់ការស្នើសុំច្បាប់ គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។

ជាមួយគ្នានេះ ក្រុមការងារសង្កេតឃើញថាក៏មានអ្នកដែលទទួលបានការអនុញ្ញាតហើយ ប៉ុន្តែពុំបានអនុវត្តត្រឹមត្រូវ ស្របនឹងការអនុញ្ញាតនោះឡើយ។ ដូច្នេះអាជ្ញាធរជាតិអប្សរាសង្ឈឹមថាប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតឱ្យជួសជុលលំនៅដ្ឋាន ត្រូវអនុវត្តឲ្យស្របតាមចំណុចបច្ចេកទេសដែលមានការទទួលដឹងឮពីអាជ្ញាធរមូលដ្ឋាន និងទទួលស្គាល់ដោយអាជ្ញាធរជាតិអប្សរា៕