(ពោធិ៍សាត់)៖ លោក ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលប្រជុំមន្ទីរកសិកម្មខេត្ត បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ ស្តីពីបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានបច្ចេកទេស សម្រាប់ធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម ជូនដល់សិក្ខាកាម និងជាអាជីវករលក់ដុំ-លក់រាយ មកពីបណ្តាក្រុងស្រុកចំនួន៥ ក្នុងខេត្តពោធិ៍សាត់ រួមមានក្រុងពោធិ៍សាត់ ស្រុកបាកាន ស្រុកកណ្តៀង ស្រុកតាលោសែនជ័យ និងស្រុកវាលវែង សរុបចំនួន៣០រូប។

លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ នាពេលនេះ មានរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និតរវាង រដ្ឋបាលខេត្ត និងក្រសួង​កសិកម្ម ក្នុងកិច្ចសហការគាំទ្រ និងជម្រុញអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យទទួលបាន​ប្រសិទ្ធភាពខ្ពស់ និងសម្រេចគោលដៅទាំងអស់គ្នា។ ជាពិសេសផ្ដល់ចំណេះដឹងផ្នែកបទដ្ឋានគតិយុត្ត និងបច្ចេកទេសគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ដល់អាជីវករ កាត់បន្ថយហានិភ័យដែលបង្កឡើងដោយការប្រើប្រាស់ថ្នាំកសិកម្ម និងជីកសិកម្ម ធានាសន្តិសុខស្បៀង សុវត្ថិភាពស្បៀង សុខភាពសាធារណៈ និងនិរន្តរភាពបរិស្ថាន។

លោកប្រធានមន្ទីរ បន្ថែមថា អាជីវករដែលមានបំណងប្រកបអាជីវកម្មជី និងថ្នាំកសិកម្ម តម្រូវឱ្យរៀនវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ ស្ដីពីបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម ដោយមានវិញ្ញាបនបត្រទទួលស្គាល់ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទើបអាចប្រកបអាជីវកម្មបាន។

លោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ អនុលោមទៅតាមសេចក្ដីណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ដីពីបែបបទ និងលក្ខខណ្ឌភ្ជាប់ នៃការផ្ដល់សេវារដ្ឋបាលវិស័យកសិកម្ម និងរដ្ឋបាលរាជធានី ខេត្ត-ក្រុង។

ថ្នាក់ដឹកនាំទាំង២ សូមឱ្យអាជីវករទាំងអស់ ដែលត្រូវចូលរួមវគ្គអប់រំនេះ ដាច់ខាតមិនត្រូវអវត្តមាន និងត្រូវត្រងត្រាប់ស្តាប់គ្រប់បទបង្ហាញ ដើម្បីទទួលយកចំណេះដឹងច្បាប់ និងបច្ចេកទេស យកទៅអនុវត្តផ្ទាល់ជាមួយកសិករ ចៀសវាងក្លាយខ្លួនជាឃាតករ ដោយមិនដឹងខ្លួន។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំង២ ក៏បានណែនាំដល់អាជីវករទាំងអស់ និងដេប៉ូលក់ដុំ-លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្ម ត្រូវធ្វើការចែកចាយថ្នាំកសិកម្ម និងជីកសិកម្ម ចំពោះសាខាណាដែលមានលិខិតអនុញ្ញាតតែប៉ុណ្ណោះ។ ត្រូវសហការគ្នាឱ្យបានល្អ ជាមួយមន្ត្រីមានសមត្ថកិច្ច ដើម្បីទទួលយករាល់ការណែនាំទាំងឡាយ របស់សមត្ថកិច្ចជំនាញ ក្នុងដំណើរការអាជីវកម្មរបស់ខ្លួន និងបង្កលក្ខណៈងាយស្រួលចំពោះរាល់ប្រតិបត្តិការ ត្រួតពិនិត្យ និងអនុវត្តច្បាប់របស់មន្ត្រីនីតិកម្ម។ បន្ថែមពីនោះ អាជីវករត្រូវចេះណែនាំកសិករឱ្យច្បាស់លាស់ លើស្លាកសញ្ញាព័ត៌មាន ដែលមានបង្ហាញលើសំបកវេចខ្ចប់ ថ្នាំកសិកម្ម និងជីកសិកម្ម។ ហាមលក់ថ្នាំកសិកម្ម និងជីកសិកម្ម ដែលនាំចូលដោយខុសច្បាប់ គ្មានការទទួលស្គាល់ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ហាមលក់ថ្នាំកសិកម្មហាមឃាត់ ដែលមានចុះក្នុងបញ្ជីកសិកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជា។ ហាមលួចលាក់ ឬវេចខ្ចប់នូវថ្នាំកសិកម្ម និងជីកសិកម្ម ដោយគ្មានការអនុញ្ញាត។ ត្រូវចេះណែនាំដល់កសិករ កុំឱ្យយកសម្បកវេចខ្ចប់ថ្នាំកសិកម្ម មកប្រើប្រាស់ឡើងវិញ នាំឱ្យប៉ះពាល់ដល់សុខភាពផងដែរ៕