(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ព្រឹត្តិការណ៍បោះជំរំអន្តរជាតិ នាពេលនេះ បានដើរតួនាទីសំខាន់ ក្នុងការអប់រំចិត្តគំនិត និងស្មារតី ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងភាពជាអ្នកដឹកនាំដ៏ត្រឹមត្រូវ និងអ្នកបន្តវេនរបស់ប្រទេសជាតិ។

នាឱកាសអញ្ជើញ ជាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបើកការបោះជំរំអន្ដរជាតិ លើកទី១១ ក្រោមប្រធានបទ «យុវជន និងស្មារតី នៃភាពជាអ្នកដឹកនាំ» នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ លោកបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាអធិការ បានថ្លែងថា  ព្រឹត្តិការណ៍បោះជំរំអន្តរជាតិ នាពេលនេះ គឺជាការជួបជុំគ្នា ប្រកបដោយអត្ថន័យ យ៉ាងធំធេង ដែលឆ្លុះបញ្ចាំងឱ្យឃើញ នូវស្មារតីសាមគ្គីភាពកិច្ចសហការ និងការគាំទ្រជាប្រចាំរបស់ ប្រទេសទាំងពីរ (កម្ពុជា-កូរ៉េ) ក្នុងការចូលរួមសកម្មភាពនានា របស់សង្គម ក្នុងទិសដៅរួមចំណែក ដើម្បីអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនបន្ថែមទៀត។

លោកបណ្ឌិត បានគូសបញ្ជាក់ថា «ការបោះជំរំជាលក្ខណៈអន្តរជាតិនេះ ក៏បានដើរតួនាទីសំខាន់ផងដែរ ក្នុងការអប់រំចិត្តគំនិត និង ស្មារតី ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងភាពជាអ្នកដឹកនាំដ៏ត្រឹមត្រូវ និងអ្នកបន្តវេនរបស់ប្រទេស ជាតិ ក្នុងនោះ គឺអាចឱ្យយើងដឹងអំពីមូលហេតុនិង គោលបំណងយ៉ាងពិតប្រាកដ នៃជីវិតរបស់ខ្លួន ព្រមទាំងអាចស្វែងរកឃើញនូវរូបភាពផ្ទាល់ខ្លួន ដែលធ្វើឱ្យទាំងអស់គ្នា អាចចាកចេញពីផ្នត់គំនិត ដ៏តូចចង្អៀត ហើយងាកមកទទួលយកនូវសមត្ថភាព ក្នុងការដឹកនាំដ៏ត្រឹមត្រូវនាសម័យបច្ចុប្បន្ន និង ផ្នត់គំនិត ក្នុងការរស់នៅដើម្បីមនុស្សទាំងអស់គ្នា»

លោកបណ្ឌិត បន្ដថា ការផ្លាស់ប្តូរចេញ ពីចិត្តគំនិត និង ការផ្លាស់ប្តូ រទាំងស្រុង ចេញពីដែនកំណត់ដ៏តូចចង្អៀតរបស់មនុស្ស គឺអាចធ្វើឲ្យយើងចេះគ្រប់គ្រង ខ្លួនឯងចំពោះ មុខ នូវគ្រប់ស្ថានភាព ។ បាតុភូតនៃការគិត និងចំណង់របស់យុវជន តែងតែកើនឡើងលឿន ជាង សេដ្ឋកិច្ចគ្រួសារ ពោលគឺចង់បានភាពសុខស្រួល ប៉ុន្តែមិនអាចគ្រប់គ្រងចំណង់របស់ខ្លួនបាន ពុំស្គាល់ ពីដំណោះស្រាយបញ្ហារបស់ខ្លួនប្រកបដោយប្រសិទ្ឋភាពនោះទេ។

លោកបណ្ឌិត បន្ថែមថា តាមរយៈកម្មវិធីបោះជំរំអន្តរជាតិ និងតាមរយៈកម្មវិធីស្ម័គ្រចិត្តបម្រើការងារទាំងក្នុង និងក្រៅប្រទេស និងកម្មវិធីផ្សេងៗជាច្រើនទៀត ដែល IYF បានរៀបចំឡើងនេះ ពិតជាអាចចូលរួមចំណែក ធ្វើឲ្យយុវជនជាច្រើន នៅលើពិភពលោក បានទទួលការផ្លាស់ប្តូរផ្នត់គំនិត ឈានទៅកំណត់ បាននូវមធ្យោបាយសំខាន់មួយ សម្រាប់ការចាក ចេញពីបញ្ហាអវិជ្ជមានរបស់ពួកគេ ហើយរស់នៅយ៉ាងសកម្មក្នុងសង្គមជាតិ ប្រកបដោយផ្នត់គំនិត វិជ្ជមាន និងភាពជាអ្នកដឹកនាំ,ការធ្វើម្ចាស់ការលើជោគវាសនាខ្លួនឯង, គ្រួសារ និងសង្គមជាតិទាំងមូល ។

លោក ហា ឈើល តំណាងអង្គការ សម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជា  បានមានប្រសាសន៍ថា លោកពិតជារីករាយណាស់ ដែលអង្គការសម្ព័ន្ធយុវជន អន្តរជាតិនៅកម្ពុជា សហការជាមួយ ប៊ែលធីគ្រុប រៀបចំកម្មវិធីបោះជំរំអន្តរជាតិឆ្នាំ ២០២៤ ដែលមានគាំទ្រពីក្រសួងអប់រំ យុវជន និង កីឡា។ អង្គការIYF នៅកម្ពុជា រៀបចំកម្មវិធីបោះជំរំអន្តរជាតិ តាំងពីឆ្នាំ២០១០ ហើយលើកនេះ  ជាលើកទី១១ ដែលយើងរៀបចំកម្មវិធីនេះឡើង ដែលមានសិស្ស និស្សិតជាច្រើនបានគាំទ្រ និង ចូលរួមយ៉ាងច្រើន ។ កម្មវិធីលើកនេះ មានអ្នកចូលរួមសរុបប្រមាណជិត២០០០នាក់ ដែលក្នុង នោះមានសិស្ស និស្សិតមកពីគ្រប់បណ្តា គ្រឹះស្ថានអប់រំក្នុងព្រះរាជាណាចក្រកម្ពុជា ។

អង្គការសម្ព័ន្ធយុវជនអន្តរជាតិ គឺជាអង្គការយុវជនធំជាងគេ នៅលើពិភពលោក មានទីស្នាក់ការ កណ្តាល នៅសាធារណរដ្ឋកូរ៉េ និងមានសាខា នៅ១០០ប្រទេស ជុំវិញពិភពលោក ដែលបាន បង្កើតឡើងដើម្បីដោះស្រាយនូវបញ្ហារបស់យុវជន ដោយផ្អែកលើការបង្ហាត់បង្រៀន៖
៣ចំណុច
ទី១ ឲ្យយុវជនចេះគិតពិចារណា ទី២ ឲ្យយុវជនចេះត្រួតត្រាខ្លួនឯង និងទី៣ ឲ្យយុវជនចេះផ្តោះប្តូរ បើកចិត្តចែករំលែកជាមួយអ្នកដទៃ។
លោកសង្ឃឹមថា កម្មវិធីបោះជំរំអន្តរជាតិលើកនេះ គឺជាកម្មវិធីដ៏ល្អសម្រាប់យុវជន ក្នុងការចែក រំលែកបទពិសោធន៍ ចំណេះដឹង ដែលពួកគេនឹងក្លាយទៅជាទំពាំងស្នងឬស្សី ដ៏ល្អសម្រាប់ ប្រទេសកម្ពុជា ៕