(ឧត្តរមានជ័យ)៖ លោក អ៊ុំ ចាន់ថុល ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ បានថ្លែងថា សំណុំរឿងអត្រានុកូលដ្ឋាន ប្រចាំសប្តាហ៍ទី១៣ គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សាលាដំបូងខេត្តឧត្តរមានជ័យ ចាត់ការរួចបានចំនួន ៣៥៩សំណុំរឿង។

ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នេះ លោក អ៊ុំ ចាន់ថុល បញ្ជាក់ថា សំណុំរឿងអត្រានុកូលដ្ឋានមុនយុទ្ធនាការមានចំនួន ១៤០រឿង សំណុំរឿងអត្រានុកូលដ្ឋានក្នុងពេលយុទ្ធនាការមានចំនួន ២៨៥រឿង សំណុំរឿងចាត់ការរួចក្នុងរយៈពេល ៣ខែ មានចំនួន ៣៥៩រឿង និងសំណុំរឿងអត្រានុកូលដ្ឋានកំពង់ចាត់ការមានចំនួន ៦៦រឿង។

បើតាមលោកប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ ការស្នើសុំកែតម្រូវ សំបុត្រកំណើត មានចំនួន ៤០៧រឿង ស្មើនឹង ៩៥.៧៦% កែសំបុត្រអាពាហ៍ពិពាហ៍មានចំនួន ១១រឿង ស្មើ ២.៥៨% កែសំបុត្រមរណភាពមានចំនួន ៧រឿង ស្មើនឹង ១.៦៥%។ លោកបញ្ជាក់ថា មូលហេតុនៃកំហុសដែលនាំឱ្យមានការស្នើសុំកែតម្រូវ ដោយសារកំហុសមន្ត្រីអត្រានុកូលដ្ឋាន និងដោយសាមីខ្លួនផ្ទាល់។

លោក អ៊ុំ ចាន់ថុល បានថ្លែងបញ្ជាក់យ៉ាងដូច្នេះទៀតថា ការស្នើសុំកែតម្រូវសំណុំរឿងអត្រានុកូលដ្ឋាន គឺមិនតម្រូវឱ្យមានការបង់ប្រាក់ឡើយ ហើយចំពោះរយៈពេលគឺយ៉ាងយូរមួយសប្តាហ៍ ប្រជាពលរដ្ឋអាចមកទទួលដើម្បីយកទៅប្រើប្រាស់បាន៕