(រតនគិរី)៖ ស្របពេលអាកាសធាតុអំណោយផលគ្មានភ្លៀងធ្លាក់នោះ ប្រជាពលរដ្ឋរស់នៅស្រុកវ៉ើនសៃ, ស្រុកតាវែង, ស្រុកអណ្តូងមាស និងបណ្តាស្រុកផ្សេងៗទៀត នៃខេត្តរតនគិរី កំពុងនាំគ្នាសម្រុកចូលព្រៃប្រមូលផលផ្លែសំរ៉ង លក់ឲ្យឈ្មួញវៀតណាម ខណៈតម្លៃមានការធ្លាក់ចុះបន្តិច រីឯសមត្ថកិច្ចមួយចំនួនសប្បាយកើបលុយពីការអនុញ្ញាតិឲ្យពួកគាត់ចូលទៅក្នុងព្រៃ និងដឹកផ្លែសំរ៉ងចេញមកលក់នៅទីផ្សារ។

នៅតាមឃ្លាំងធំៗ នៅក្រុងបានលុង មានថៅកែជនជាតិវៀតណាមម្នាក់ឈ្មោះ «ចែង៉ុក» ដែលស្ពាយលុយពីវៀតណាម មកជាច្រើនលានដុល្លាររង់ចាំទទួលទិញពីក្រុមឈ្មួញកណ្តាល ដឹកចេញពីព្រៃសហគមន៍ស្រុកវ៉ើនសៃ, ស្រុកតាវែង, ស្រុកអណ្តូងមាស (តំបន់កន្ទុយនាគ) និងផ្លែសំរ៉ងមួយចំនួនទៀតដឹកមកពីខេត្តពោធិ៍សាត់ និងខេត្តកោះកុងជាដើម។

បើតាមក្រុមឈ្មួញវៀតណាម ឈរជើងទិញផ្លែសំរ៉ងតាមឃ្លាំងធំៗ នៅក្រុងបានលុង បានឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះថា ពួកគាត់ទទួលទិញផ្លែសំរ៉ងលេខ១ តម្លៃក្នុង១គីឡូក្រាម ៤០,០០០រៀល និងលេខ២តម្លៃក្នុង១គីឡូក្រាម ១៥,០០០រៀល-២០,០០០រៀល ហើយហាងឆេងផ្លែសំរ៉ងថ្ងៃនេះ នៅក្រុងបានលុង មិនច្បាស់លាស់ទេ។

ពួកគាត់បន្តថា តម្លៃផ្លែសំរ៉ងអាចចុះថោកជាងនេះ ព្រោះខាងប្រទេសវៀតណាម ក៏មានដើមសំរ៉ងដែលប្រមូលផលបានច្រើនដែរ ដូច្នេះក្រុមឈ្មួញវៀតណាម ក៏ទម្លាក់តម្លៃតាមហ្នឹងដែរ ហើយដឹកឆ្លងកាត់ទៅវៀតណាមតាមច្រកទ្វារ អន្តរជាតិអូរយ៉ាដាវ (រតនគិរី) និងច្រកទ្ធារត្រពាំងស្រែ (ខេត្តក្រចេះ)។

ក្រុមឈ្មួញវៀតណាមខាងលើ បានបន្តថា ពួកគាត់ក៏មិនសូវចំណេញដែរជួនកាលខាតដើម ព្រោះផ្លែសំរ៉ងស្រកគីឡូច្រើន និងមានសមត្ថកិច្ចជាច្រើនស្ថាប័នអង្គុយដកតុងក្បាលឡានពីព្រៃរហូត ក្រុងបានលុង និងពីក្រុងបានលុង រហូតដល់ទឹកដីវៀតណាម។

មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរីម្នាក់ បានលួចបង្ហើបថា ការដឹកជញ្ជូនអនុផលព្រៃឈើ គឺត្រូវតែមានច្បាប់អនុញ្ញាតិពីរដ្ឋបាលព្រៃឈើ។ ជាងនេះទៅទៀត ក្រុមឈ្មួញវៀតណាម ដឹកទៅលក់ត្រូវតែបង់ពន្ធជូនរដ្ឋ ប៉ុន្តែជាក់ស្តែងក្នុងខែមេសា ឆ្នាំ២០២៤នេះ មានផ្លែសំរ៉ងជាច្រើនរយតោន ដឹកតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី និងច្រកទ្វារត្រពាំងស្រែខេត្តក្រចេះ ដោយគ្មានច្បាប់ទម្លាប់បន្តិចសោះ ដោយមានការគប់គិតពីសមត្ថកិច្ច ខិលខូចមួយចំនួន និងមានអ្នកធំមួយចំនួននៅខេត្តរតនគិរី ជួយអន្តរាគមន៍នាំឲ្យមានការខាតបង់ពន្ធ ជូនរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។

សូមជម្រាបថា រដូវផ្លែសំរ៉ងមានរយៈពេល (៥-៧ឆ្នាំ) ម្តងមានផ្លែច្រើន ហើយឆ្នាំ២០២៤នេះ ក្នុងតំបន់ដែលមានដើមសំរ៉ង គឺផ្លែច្រើន ក្នុង១ដើមអាចបានផលពី៥០-៧០គីឡូក្រាម ជាអំណោយផលដល់ប្រជាពលរដ្ឋ គួបផ្សំគ្មានភ្លៀងកក់ខែទៀត ពួកគាត់ដែលចូលទៅរើសផ្លែសំរ៉ងលក់បានលុយច្រើនសម្រាប់ដោះស្រាយជីវភាព។

ទាក់ទិញទៅនឹងការដឹកជញ្ជូនផ្លែសំរ៉ងជាច្រើនរយតោន ឆ្ពោះទៅប្រទេសវៀតណាមក្នុងខែមេសា ឆ្នាំ២០២៤នេះដែរ លោក ហុង ភា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរី នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះថា ក្រុមឈ្មួញចាប់ផ្តើមរត់ការណ៍ធ្វើច្បាប់បណ្តើរៗហើយ និងផ្លែសំរ៉ងមួយចំនួនទៀត បានចាប់ឃាត់ទុកហើយដែរ ប៉ុន្តែមិនបញ្ជាក់ចំនួនផ្លែសំរ៉ងទំងន់ប៉ុន្មានទេ។

ចំណែកឯ លោក នួន សុផល ប្រធានការិយាល័យស្នាក់ការគយច្រកទ្វារអន្តរជាតិអូរយ៉ាដាវ នៅព្រឹកថ្ងៃដដែលនេះ បានបញ្ជាក់ឲ្យដឹងថា អនុផលព្រៃឈើផ្លែសំរ៉ងគោលការណ៍ រួចពន្ធមានប្រកាសច្បាប់ដឹកជញ្ជូនចំនួនប៉ុន្មាន ខាងគយសម្របសម្រួលឲ្យដឹកចេញចំនួនប៉ុណ្ណឹងដែរ។

កន្លងទៅថ្មីៗនេះលោក ញ៉ែម សំអឿន ប្រធានគណៈបញ្ជាការឯកភាពខេត្តរតនគិរី បានប្រកាសតាមប្រព័ន្ធ Telegram ហាមសមត្ថកិច្ចគ្រប់ប្រភេទយកលុយពីប្រជាពលរដ្ឋចូលទៅរើស និងដឹកចេញផ្លែសំរ៉ងមកលក់ ប៉ុន្តែពួកគាត់រាល់ថ្ងៃនេះដាក់ពង្រាយកម្លាំងតាមភូមិសាស្ត្រនានា ដែលមានដើមសំរ៉ង គឺយកលុយលើសដើមផ្គើននឹងបទបញ្ជាខាងលើផងដែរ៕