(ភ្នំពេញ)៖ ក្រោយបញ្ចប់កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក វ៉ាង យី (WANG YI) រដ្ឋមន្ត្រីការបរទេសចិន នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ភាគីកម្ពុជា- ចិនបានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យទឹកស្អាត និងវិស័យកសិកម្ម នៅកម្ពុជា។

ឯកសារសំខាន់ចំនួន៣នេះរួមមាន៖
ទី១៖ លិខិតប្តូរសារស្តីពីការផ្តល់ជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនសម្រាប់ផ្គត់ផ្គង់ទឹកស្អាតនៅជនបទដំណាក់កាលទី២

ទី២៖ វិញ្ញាបនបត្រប្រគល់-ទទួលនៃគម្រោងផែនការមេអភិវឌ្ឍន៍កសិកម្មកម្ពុជា

ទី៣៖ ពិធីសារទាក់ទងនឹងការធ្វើចត្តាឡីស័ក និងលក្ខខណ្ឌតម្រូវការអនាម័យ សម្រាប់ផលិតផលចំណីឆ្កែពាក់កណ្តាលសម្រេចធ្វើពីស្បែកគោ សម្រាប់នាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។
ជាមួយគ្នាភាគីទាំងពីរក៏រៀបចំពិធីប្រគល់-ទទួលសៀវភៅ កំណត់ហេតុរបស់នគរចេនឡា អំពីទឹកដី ប្រពៃណី និងទំនៀមទម្លាប់ ប្រែសម្រួលជាភាសាខ្មែរ និងពិធីអបអរនៃការនាំចេញដូងស្រស់របស់ប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ដែរ។

សូមជម្រាបថា លោក វ៉ាង យី (WANG YI) បានអញ្ជើញមកដល់កម្ពុជាកាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ។ ប្រមុខការទូតចិន រូបនេះនឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រហូតថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងស្របពេលនឹងការប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជន និងប្រជាជនកម្ពុជា-ចិន ហើយនឹងរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប និងពង្រីក បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ លើកកម្ពស់ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕