(អាឡឺម៉ង់)៖ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញបំពេញទស្សនកិច្ច នៅទីក្រុងម៉ុយនិច ប្រទេសអាឡឺម៉ង់ និងបានជួបពិភាក្សា​ជាមួយលោក Benoit Battistelli ប្រធានស្ថាប័នប្រកាស​នីយបត្រតក្កកម្មអឺរ៉ុប (EPO) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ លើប្រប្រព័ន្ធប្រកាស​នីយត្រតក្កកម្ម រវាងសហគមអឺរ៉ុប​ និង​កម្ពុជា(Paten System) នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ។

នៅក្នុងកិច្ចពិភាក្សានោះ លោក Benoit Battistelli បានលើកឡើងថា លោក​ក៏ដូចជាស្ថាប័នប្រកាសនីយបត្រតក្កកម្ម អឺរ៉ុបទាំងមូល ពិតជាមានសេចក្តីរីករាយ ដែលបានធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយកម្ពុជា ដែលជាប្រទេសមួយ មានការរីកចម្រើនផ្នែកសេដ្ឋកិច្ច យ៉ាងឆាប់រហ័ស ក្នុងចំណោមប្រទេស នៅអាស៊ីអាគ្នេយ៍។​ លោកបានបន្តថា ក្រុមហ៊ុនមកពីអឺរ៉ុប និងអាស៊ី អាចទទួលបានប្រយោជន៍ច្រើន ពីកិច្ចសហប្រតិបត្តិការ រវាងការិយាល័កម្មសិទ្ធិបញ្ញានានា នៅក្នុងតំបន់របស់ពួកយើង​ ដែលទទួលបាននូវផលជាវិជ្ជមាន សម្រាប់ការបង្កើតថ្មី និងគំនិតច្នៃប្រឌិតថ្មីៗ ព្រមទាំងអាចជួយបង្កើន នូវដំណើរការទីផ្សារ​ទៀតផង។

លោកបានបន្ថែមទៀតថា ជាមួយកំណើនសេដ្ឋកិច្ច ជាមធ្យម ៧%ប្រចាំឆ្នាំ បានធ្វើឲ្យកម្ពុជាស្ថិតនៅលំដាប់ទី២ ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងតំបន់អាស៊ាន ហើយលោកមើលឃើញថា ថ្មីៗនេះ កម្ពុជាកំពុងធ្វើទំនើបកម្ម ប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់ខ្លួន ដើម្បីជំរុញការរីកចម្រើន ផ្នែកសេដ្ឋកិច្ច និងការទាក់ទាញវិនិយោគ ផ្ទាល់ពីក្រៅប្រទេស។

ក្នុងកិច្ចពិភាក្សានេះដែរ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ ដ៏មានតម្លៃលើវិស័យកម្មសិទ្ធិ​បញ្ញា រវាងកម្ពុជា និងសហគមអឺរ៉ុប ហើយកិច្ចសហប្រតិបត្តិការ​នេះ នឹងក្លាយជាផ្នែកមួយ នៃការទាក់ទាញទុនវិនិយោគ មិនត្រឹមតែបណ្តាក្រុមហ៊ុននានា នៅក្នុងតំបន់អាស៊ាន និងទ្វីបអាស៊ីប៉ុណ្ណោះទេ តែថែមទាំងទាក់ទាញ បានវិនិយោគផ្ទាល់ ពីតំបន់អឺរ៉ុបផងដែរ។

គួរបញ្ជាក់ផងដែរថា នៅរយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានធ្វើការងារយ៉ាងសកម្ម និងផុសផុលក្នុងការជំរុញ និងអភិវឌ្ឍវិស័យ កម្មសិទ្ធិបញ្ញា ឲ្យមានការរីកចម្រើន ដើម្បីរួមចំណែចបង្កើន​ ជំនឿចិត្តពីវិស័យឯកជន ព្រមទាំងគៀរគទុន​វិនិយោគពីបរទេស ព្រោះនៅប្រទេស​ជឿនលឿន ក្រុមហ៊ុន និងសហគ្រាសនានា ឲ្យតម្លៃខ្ពស់ទៅលើការការពារកម្មសិទ្ធបញ្ញា លើស្នាដៃដែលពួកគេប្រឹងប្រែង បង្កើតឡើងថ្មីៗ៕