(កំពត)៖ សម្តេចកិត្តិសង្គហបណ្ឌត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាកសាងព្រះវិហារថ្មី ស្ថិតក្នុងវត្តពោធិ៍ព្រឹក្សាខារាម (ហៅវត្តតូប) ដែលមានទីតាំងនៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត មានទំហំ១០ម៉ែត្រ គុណ១៩ម៉ែត្រ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ។

ការកសាងព្រះវិហាថ្មីនេះ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, លោក បណ្ឌិត ម៉ៅ ធនិន និងលោកស្រី, អ្នកឧកញ៉ា យី រដ្ឋា និងលោម ប៊ុន ដារ៉ា រួមជាមួយនិងអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានចូលរួមកសាងកុសលផលបុណ្យ ប្រកបដោយសទ្ធា ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ក្រោមការបង្កលក្ខណៈគ្រប់បែបយ៉ាង របស់រាជរដ្ឋាភិបាលឱ្យប្រជាពលរដ្ឋមានឱកាសធ្វើបុណ្យតាមជំនឿរៀងៗខ្លួន។

សមិទ្ធផលជាច្រើនបានកើនឡើងជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ។

សូមជម្រាបថា វត្តនៅទូទាំងខេត្តកំពត រួមមានចំនួន២៧៤វត្ត, ព្រះសង្ឃសរុប២,៤៦៣អង្គ (ក្នុងនោះ វត្តគណៈមហានិកាយ មានចំនួន២៤៧វត្ត មានព្រះសង្ឃចំនួន២,៣១១អង្គ ភិក្ខុ៧១៣អង្គ សាមណេរ១,៥៩៨អង្គ និងវត្តគណៈធម្មយុត្តិកនិកាយ មានចំនួន២៧វត្ត មានព្រះសង្ឃចំនួន១៥២អង្គ ភិក្ខុ៣៤អង្គ សាមណេរ១១៨អង្គ)។ លោកអាចារ្យមាន អាចារ្យប្រចាំវត្ត ៧៦៣នាក់ អាចារ្យយោគី ១៤៧នាក់ អាចារ្យមង្គលការ ២២៨នាក់ គណៈកម្មការវត្ត១,៤៨៥នាក់៕