(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ កែវ ពិសី ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី០៨ ខែសីហានេះថា ករណីសំណុំរឿង បុរសអ្នកលក់គោយន្ត ដែលជួបគ្រោះថ្នាក់កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោងជិត៩យប់ នៅផ្លូវជាតិលេខ៤៤ ក្នុងភូមិសាស្ត្រភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សមត្ថកិច្ចរបស់លោក បានបញ្ចប់ការស្រាវជ្រាវ និងបានបញ្ជូនសំណុំរឿង ទៅកាន់តុលាការរួចរាល់ហើយ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ។ ហើយថា លោកមិនបានបិទសំណុំរឿងនេះឡើយ។

ការបញ្ជាក់របស់លោក កែវ ពិសី ធ្វើឡើងបន្ទាប់ពី កូនៗនិងសាច់ញាតិ សពបុរសដែលជាអ្នកលក់គោយន្ត នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានទទូចហើយទទូចទៀត សូមឲ្យសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ ពិសេសលោកឧត្តមសេនីយ៍ស្នងការ ជួយស៊ើបអង្កេត ស្វែងរកការពិតនៃគ្រោះថ្នាក់ ដែលកើតឡើងលើឪពុករបស់ខ្លួន។

យ៉ាងណាក៏ដោយលោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា ប្រសិនបើបងប្អូនសាច់ញាតិ ជនរងគ្រោះមានតម្រុយថ្មី ពាក់ព័ន្ធករណីគ្រោះថ្នាក់នេះ លោកនឹងចូលរួមសហការ។

លោក លាង ប៊ុនហាក់ អាយុ៣៦ឆ្នាំ ជាកូនប្រុសរងគ្រោះ ឈ្មោះ ឈាង ឆា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរជាអ្នកគ្រឿងម៉ាស៊ីន និងគោយន្ត នៅភូមិចំបក់ស ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលត្រូវបានសមត្ថកិច្ចអះអាងថា បានស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ រថយន្តខ្លួនឯងថយក្រោយកិននោះ ធ្លាប់បានប្រាប់អង្គភាព Fresh News លោកនិងក្រុមគ្រួសារ ព្រមទាំងសាច់ញាតិមិនជឿទេថា ការស្លាប់របស់ឪពុកខ្លួន ដោយសារគ្រោះថ្នាក់ចរាចរណ៍នោះ។ លោកជឿជាក់ថា ការស្លាប់នេះអាចជាករណីឃាតកម្ម ប្លន់យក ទ្រព្យសម្បត្តិច្រើនជាង។

លោក លាង ប៊ុនហាក់ បានឲ្យដឹងថា សាកសពរបស់ឪពុករបស់លោក បានស្លាប់ក្នុងថ្លុកឈាម ហើយនៅសៀតផ្កាផ្នែកខាងឆ្វេង ទទួលនូវការវាយប្រហារយ៉ាងខ្លាំង ដែលធ្វើឲ្យគាត់ស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ។ ជាមួយគ្នានេះ លោកធ្លាប់ទទួលដំណឹងពី អ្នកឃើញហេតុការណ៍ថា មុនកើតហេតុមានមនុស្ស ប្រមាណ២-៣ នាក់ បាននិយាយជាមួយគាត់។ ចំពោះហេតុផលថា រថយន្តថយក្រោម បុកស្លាប់នោះ ក៏ដូចជាមិនទំនងនោះទេ។

លោកបន្តថា ខ្លួនមិនដឹងថា ឪពុករបស់គាត់មុនពេលស្លាប់ មានលុយប៉ុន្មានចាប់ខ្លួនទេ ប៉ុន្តែក្រោយពេលស្លាប់ គឺសល់លុយតែ ១ម៉ឺន៥ពាន់រៀល ប៉ុណ្ណោះ។ ខណៈមានទូរស័ព្ទមួយគ្រឿងទៀត នៅជាប់នឹងដៃ។  

សូមជម្រាបថា បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច មុខពេលកើតហេតុ ជនរងគ្រោះ បានបើករថយន្ត ម៉ាក Toyota Vigo ពណ៌ទឹកប្រាក់ ក្នុងទិសដៅពីលិចទៅកើត ក្នុងស្ថានភាពស្រវឹង ដល់កន្លែងកើតហេតុបានឈប់រថយន្ត ក៏បើទ្វាររថយន្តដើម្បីអោនក្អួត រួចធ្លាក់ទៅដី ហើយរថយន្តបានរអិលថយក្រោយ ហើយក៏ត្រូវរថយន្តថយក្រោយកិនស្លាប់ នៅកន្លែងហើយ​ឡានធ្លាក់ចូលប្រឡាយតែម្តង។

សមត្ថកិច្ចនគរបាលចរាចរណ៍ បានចុះធ្វើការពិនិត្យកន្លែងកើតហេតុ បានធ្វើកោសល្យវិច្ឆ័យរួចបានសន្និដ្ឋានថា ជនរងគ្រោះស្រវឹង ពេលបើកបរក៏ឈប់រថយន្ត បើកទ្វារដើម្បីក្អូត ក៏ធ្លាក់ដី ហើយរថយន្តកិនស្លាប់តែម្តង ។ សមត្ថកិច្ចបញ្ជាក់ថា ចំណុចកើតហេតុជាចំណុចផ្លូវឡើងទើប បណ្តាលឲ្យរថយន្តរអិលថយក្រោយ កិនម្ចាស់ខ្លួនឯងស្លាប់ និងធ្លាក់ប្រឡាយ៕