(ភ្នំពេញ)៖ បុរសម្នាក់ធ្វើអត្តឃាតសម្លាប់ខ្លួន ដោយលោតចូលក្រោមកង់រថយន្តដឹកទូកុងតឺន័រ១គ្រឿង ដែលកំពុងបើកតាមផ្លូវ ហើយក៏ត្រូវបានរថយន្តនោះ កិនបណ្ដាលឲ្យបែកក្បាលស្លាប់នៅនឹងកន្លែង។ ដោយពុំទាន់ដឹងថា គាត់មានវិបត្តអ្វីនោះទេ បន្ទាប់មករថយន្តនោះ បានបើកបន្តដំណើរទៅមុខបានចម្ងាយប្រមាណជាង១០០ម៉ែត្រទើបឈប់ស្ងៀម រួចអ្នកបើកបរបានចុះរត់គេចខ្លួនបាត់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៤៖៣៥នាទីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ខេង សុខិត ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិនគរភាស១ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។ រថយន្តកុងតឺន័រខាងលើ ម៉ាក MITSUBISHI ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ បាត់ដំបង3A-3711 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់។

តាមរយៈការឆែកមើលកាមេរ៉ាសុវត្តិភាព នៅកន្លែងកើតហេតុ បានបង្ហាញឲ្យឃើញថា ហេតុការណ៍នេះពុំមែនជាឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនោះទេ គឺជាការធ្វើអត្តឃាតដោយនៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បើកបរក្នុងទិសដៅពីកើតទៅលិច។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់បុរសរូបនោះ រត់សំដៅទៅរករថយន្ត រួចលោតចូលក្រោមកង់ក្រោយរថយន្ត បណ្ដាលឲ្យកិនបែកក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។

ក្រោយពេលកើតហេតុ រថយន្តបានបើកបន្តដំណើរបានចម្ងាយជាង១០០ម៉ែត្ររួចឈប់ស្ងៀម ហើយអ្នកបើកបរបានចុះរត់បាត់ស្រមោល បន្ទាប់មកនគរបាល បានចុះទៅនាំយករថយន្តទៅរក្សាទុក ស្រាវជ្រាវរកសាច់ញាតិ ឲ្យទៅទទួលយកសពធ្វើបុណ្យតាមប្រពៃណី៕