(ពោធិ៍សាត់)៖ ពិធីស្រង់ព្រះ តាមវត្តអារាម ច្រើនតែធ្វើឡើងនៅថ្ងៃទី៣ ដែលជាថ្ងៃឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប៉ុន្តែសម្រាប់វត្តបាកាន ដែលជាវត្តមួយ មានបារមីព្រះអង្គបែរព្រះភក្តទៅទិសខាងលិច តែងតែប្រារព្ធពិធីនេះ ក្រោយគេជារៀងរាល់ឆ្នាំ ដោយបង្កភាពសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរ មកពីគ្រប់ទិសទី។

ជាក់ស្ដែងនាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ វត្តបាកាន ស្ថិតក្នុង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន និងលោក ទី ថានី តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាអនុប្រធានក្រុមការងារ ចុះជួយស្រុកបាកាន រួមជាមួយគណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានធ្វើពិធីស្រង់ព្រះ ស្រោចសុគន្ធវារី ដល់ព្រះភិក្ខុសង្ឃ និងពិធីបុណ្យឆ្លងចូលឆ្នាំថ្មី ប្រពៃណីយជាតិខ្មែរ ឆ្នាំរោង ឆស័ក ពស.២៥៦៧ ទៅតាមទំនៀមទម្លាប់របស់ដូនតាយើង តាំងពីដើមមក ដោយមានការសំដែងរបាំជូនពរ របាំត្រុដិ និងមានពុទ្ធបរិស័ទជិតឆ្ងាយ ចូលរួមជិត៧ម៉ឺននាក់ ផងដែរ។

ដូចគ្នានេះ អ្វីដែលកាន់តែអស្ចារ្យនោះ គឺព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន បានរៀបចំឲ្យមានការបាញ់កាំជ្រួច ការរាំលេងកំសាន្ត និងការប្រើប្រាស់រថយន្តបាញ់ទឹកជាច្រើនគ្រឿង ស្រោចស្រពទៅលើភ្ញៀវទេសចរ ពុទ្ធបរិស័ទជិតឆ្ងាយ ដែលមកលេងកំសាន្តយ៉ាងត្រជាក់ត្រជុំ ប្រកបដោយក្តីសប្បាយរីករាយក្រៃលែង។

បើតាមសង្ឃដិកា របស់ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន បានឲ្យដឹងថា ពិធីស្រង់ព្រះ ស្រោចសុគន្ធវារី ដល់ព្រះភិក្ខុសង្ឃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី គេតែងធ្វើឡើង មិនកំណត់ពេលវេលាជាក់លាក់នោះទេ គ្រាន់តែមិនឲ្យហួសយូរខែប៉ុណ្ណោះ។

ក្រោយចូលឆ្នាំ វត្តខ្លះធ្វើមុន វត្តខ្លះធ្វើក្រោយ គឺអាស្រ័យទៅតាមការពិភាក្សារវាងគណៈកម្មការ អាចារ្យវត្ត និងអាជ្ញាធរមូលដ្ឋាន ក្នុងការកំណត់ពេលវេលា។ ប្រជាពុទ្ធបរិស័ទ ធ្វើពិធីនេះ ដោយមានទឹកលាយជាមួយផ្កាភ្ញីទឹកអប់ ដើម្បីស្រោចស្រពលើរូបបដិមា ព្រះសង្ឃ ឬអ្នកមានគុណ និងអ្នកដែលមានឋានៈខ្ពង់ខ្ពស់ជាងគេ ដែលបានស្រោចស្របទឹក ងូតទឹកដុះក្អែល លាបប្រេងម្សៅជូន គឺទទួលបានផល្លាអនុសង្ឃ សម្រាប់អនាគត ជាតិនេះ បានទៅកាន់ឋានទេវលោក គឺបានសេចក្តីសុខគ្រប់បែបយ៉ាង។

ដោយសារមានជំនឿទំនៀមទម្លាប់ដូនតាយើងដូច្នេះហើយ ទើបបានជាប្រពៃណីបន្តមករហូត មកដល់សព្វថ្ងៃនេះ ពោលគឺបញ្ចប់វិធីបុណ្យចូលឆ្នាំថ្មីម្ដងៗ គេតែងធ្វើពិធីស្រង់ទឹកព្រះពុទ្ធរូប ព្រះសង្ឃ មាតាបិតា ជីដូនជីតា ចាស់ព្រឹទ្ធាចារ្យ នៅតាមទីវត្តអារាម និងភូមិស្រុកនានា មិនដែលអាក់ខានឡើយ។ ទោះយ៉ាងណាការគោរពពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ អាចដំណើរការទៅបាន បងប្អូនប្រជាពលរដ្ឋអាចដើរលេងកម្សាន្តគ្រប់ទីកន្លែង គ្រប់ច្រកល្ហក គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមម្លប់ដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានព្រឹទ្ធសភានៃកម្ពុជា និងបន្តវេនដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គួររំលឹកថា វត្តបាកានជាវត្តមួយ ដែលស្ថិតនៅប៉ែកបច្ចឹមនៃខេត្តពោធិ៍សាត់ បើចេញដំណើរពីពោធិ៍សាត់ទៅមានចម្ងាយប្រហែល១៩គីឡូម៉ែត។ ពីអតីតកាល វត្តនេះគេហៅថាវត្តបានកា ហេតុដែលគេហៅបែបនេះមកពីប្រជាជន តែងបន់ស្រន់ពេលណា តែងទទួលបានជោគជ័យពេលនោះ។ វត្តនេះមានព្រះវិហារមួយ ដែលមានព្រះពុទ្ធរូបបែរមុខទៅទិសខាងលិច ហើយមានប្រាសាទតូចមួយនៅខាងកើតព្រះវិហារ ប្រាសាទនេះសង់ពីថ្មបាយក្រៀមលាយឡំដោយថ្មភួក៕