(ភ្នំពេញ)៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន បានសាទរចំពោះរដ្ឋាភិបាល និងប្រជាជនឡាវ ដែលទទួលបានជំនួយ៩០លានដុល្លារអាមេរិក ពីប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា សម្រាប់ការបោសសម្អាតគ្រាប់ទម្លាក់ពីលើអាកាស ក្នុងអំឡុងសង្គ្រាមឥណ្ឌូចិន។

ការសាទរនេះបានធ្វើឡើងក្រោយពី លោកប្រធានាធិបតីនៃសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា  បានប្រកាសអំពីការផ្តល់ជំនួយចំនួន៩០លានដុល្លារអាមេរិក ដល់ប្រទេសឡាវ មិត្តផងរបងជាមួយកម្ពុជា សម្រាប់ការបោសសម្អាតគ្រាប់ទម្លាក់ពីលើអាកាស នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរមីនកម្ពុជា បានឲ្យដឹងថា ក្រៅពីប្រទេសឡាវ សង្កេតឃើញថា ប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលជាប្រទេសជិតខាង ក៏ទទួលរងនូវផលប៉ះពាល់ ដោយសារគ្រាប់ទម្លាក់ ពីលើអាកាស ដែលមានប្រមាណជាង ២.៧៥លានតោន  ក្នុងអំឡុងសង្គ្រាមទាំងនេះ។

យោងតាមរបាយការណ៍ឃើញថា ប្រជាជនកម្ពុជា ចំនួនប្រមាណជិត៦៥,០០០នាក់ រងរបួស និងស្លាប់ ដោយសារគ្រាប់មីន និង សំណល់ជាតិ ផ្ទុះពីសង្គ្រាម ដែលក្នុងនោះប្រជាជនកម្ពុជាប្រមាណ ១៣៦,០០០នាក់ ទទួលរងនូវផលប៉ះពាល់(របួស និង ស្លាប់) ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ក៏ដូចជាគ្រាប់ ទំលាក់ពីលើអាកាស។  កម្ពុជាបានរៀបចំផែនការ របស់ខ្លួន សម្រាប់បោស​សម្អាតមីន និងសំណល់ជាតិផ្ទុះឲ្យអស់ពីតំបន់សង្ស័យ ក្នុងឆ្នាំ ២០២៥ ស្របតាមការប្រកាសរបស់ ផែនការសកម្មភាពម៉ាពូតូ១៥ (Maputo+15)។ ការបោសសម្អាតមីន និងសំណល់ជាតិ​ផ្ទុះពីសង្គ្រាមត្រូវបាន រាជរដ្ឋាភិបាលកម្ពុជាចាត់ទុក ថាជាវិស័យ អាទិភាព ដោយបានដាក់បញ្ចូលជាគោលដៅទី៩ នៃផែនការអភិវឌ្ឍសហវត្សកម្ពុជាហើយ បាននឹងកំពុងរៀបចំដាក់ បញ្ចូលក្នុងគោល ដៅទី១៨នៃផែនការ អភិវឌ្ឍប្រកបដោយចេរភាពរបស់កម្ពុជា។

គួរបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកគឺជាម្ចាស់ជំនួយយូរអង្វែងលើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅ កម្ពុជា។ ជាមួយគ្នានេះ អាជ្ញាធរមីន សង្ឃឹមយ៉ាងមុតមាំថា សហរដ្ឋអាមេរិក  នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងបន្តផ្តល់ជំនួយ ដល់កម្ពុជាបន្តទៀត៕