(កំពង់ស្ពឺ)៖ ស្រ្តីវ័យជរាទុរគតម្នាក់ ពិការជើងដេកឈឺលើកន្ទេល អស់រយៈពេលជាង២០ឆ្នាំ រស់នៅក្នុងខ្ទមបាក់បែក ជាមួយក្មួយស្រីមេម៉ាយ ជាអ្នកដើររើសអេតចាយ ជីវភាពតោកយ៉ាកខ្វះព្រឹកខ្វះល្ងាច គ្មានទីពឹងរស់អាស្រ័យអ្នកជិតខាង ជួយផ្តល់មួយគ្រាៗ។

លោកយាយកំសត់រូបនេះ មានឈ្មោះ ញ៉ែម ផុស អាយុ៨៣ឆ្នាំ រស់នៅក្នុងខ្ទមជាមួយក្មួយស្រីមេម៉ាយម្នាក់ឈ្មោះ ធឿង ផល អាយុ៥១ឆ្នាំ ស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោកយាយ ញ៉ែម ផុស បានឱ្យដឹងថា ប្តីរបស់លោកយាយបានស្លាប់ដោយជំងឺ កាលពីជំនាន់ខ្មែរក្រហម និងមានកូន៥នាក់ ប្រុស៣ស្រី២នាក់ ត្រូវបានខ្មែរក្រហមសម្លាប់ចោលទាំងអស់ នៅជំនាន់នោះ បន្សល់ទុកឱ្យលោកយាយរស់នៅគ្មានសាច់ញាតិ រស់នៅតោកយ៉ាកតែម្នាក់ឯងគ្មានដីស្រែ ផ្ទះសំបែង រហូតដល់លោកយាយធ្លាក់ខ្លួនឈឺរាំរ៉ៃ ថែមទាំងខ្វិនជើងដេកនឹងកន្ទេល ពឹងទៅធ្វើការមិនបាន អស់រយៈពេលជាង២០ឆ្នាំហើយ។ដោយមានក្ដីអាណិតអាសូរ លោកឧកញ៉ា ផាន់ ភារៈ បានជួយឧបត្ថម្ភជាថវិកាចំនួន ១០០ដុល្លារ ជូនលោកយាយ តែទោះជាយ៉ាងណា ជីវភាពស្រ្តីចំណាស់ទុរគតរូបនេះ នៅតែដង្ហើយហៅរកការជួយទំនុកបម្រុងថែមទៀត៕