(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានថ្លែងថា សមិទ្ធផលទាំងអស់មិនមែនកើតឡើងដោយឯងៗនោះទេ គឺដោយសារមានការចូលរួមសាមគ្គីគ្នានិងកត្តាសន្តិភាព។

លោកស្រី ឃួន ឃុនឌី បានថ្លែងក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារ ពុទ្ធោកសេក និងឆ្លងសមិទ្ធផលនានា នៅវត្តឬសីជះ ឃុំ ត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃអាទិត្យ ១៣កើត ខែ ចេត្រ ឆ្នាំ រោងឆស័ក ព.ស២៥៦៧ ថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៤។

លោកស្រីបានបញ្ជាក់ថា សមិទ្ធផលទាំងអស់នេះបានបង្ហាញនូវជំនឿនិងការសាមគ្គីដែលកើតចេញមកពីកត្តាសុខសន្តិភាព ដែលបានអនុញ្ញាតឲ្យបងប្អូនទាំងអស់គ្នា ចូលរួមកសាងនូវសមិទ្ធផលដែលដាក់សម្ពោធនាថ្ងៃនេះ និងបាន ចូលរួមចំណែកជំរុញឲ្យមានការអភិវឌ្ឍ។

លោកស្រី បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី សប្បុរសជន និងប្រជាពលរដ្ឋដែលបានខិតខំជ្រោមជ្រែងសហការសាមគ្គីគ្នាកសាងសមិទ្ធផលដ៏ច្រើនក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងពាំនាំការសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

លោកស្រីបន្តថា វិស័យយពុទ្ធចក្រនិងអាណាចក្រត្រូវពឹងផ្អែកលើកត្តាសន្តិភាពស្ថិរភាពនយោបាយនិងសុវត្ថិភាពសង្គមចាំបាច់ជាចម្បង ដែលមិនអាចខ្វះបាន ជាក់ស្តែងសមិទ្ធិផលនានា មានតម្លៃរាប់សិបម៉ឺនដុល្លារអាមេរិក ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះបានបង្ហាញឲ្យឃើញស្រាប់។

លោកស្រីថ្លែងគូសបញ្ជាក់ថា បើសិនប្រទេសអសន្តិសុខអ្វីៗក៏មិនអាចកើតឡើងបាននោះដែរ តែបើប្រទេសមានសន្តិសុខសុវត្ថិភាពពេញលេញ មានស្ថិរភាពនយោបាយ ច្បាស់ណាស់ប្រជាពលរដ្ឋ មានសិទ្ធិសេរីភាព ប្រកបរបរបានដោយសេរីមានជីវភាពធូរធារប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។ កត្តាដែលប្រទេសជាតិមានសុខសន្តិភាព ពិតជាមានតម្លៃណាស់សម្រាប់ប្រជាជាតិនីមួយៗ ក៏ដូចជាកម្ពុជាផងដែរ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការបោះជំហានអភិវឌ្ឍបន្ថែមទៀត។

លោកស្រីបានរំលឹកថា កូនខ្មែរគ្រប់រូបត្រូវនាំគ្នាលើកតម្កើងកិត្តិយសជាតិតាមរយៈការរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយឲ្យរឹងមាំ និងត្រូវមានជំនឿលើខ្លួនឯង ជឿលើរាជរដ្ឋាភិបាលខ្លួនឯង ជឿលើគោលនយោបាយ ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា របស់គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាបន្តដំណើរលើនាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាបន្តទៀត ជាពិសេសនៅតែគោរពបូជាព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋហើយវិស័យយពុទ្ធចក្រនិងអាណាចក្រត្រូវពឹងផ្អែកលើកត្តាសន្តិភាព ស្ថិរភាពនយោបាយ និងសុវត្ថិភាពសង្គមចាំបាច់ជាចម្បង ដែលមិនអាចខ្វះ។

លោកស្រីបានផ្ដាំផ្ញើ និងសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវអប់រំកូនឲ្យជៀសឆ្ងាយពីគ្រឿងញៀន ពេលបើកបរត្រូវពាក់មួកសុវត្ថិភាព នឹងដាក់ខ្សែក្រវាត់ និងបើកបរដោយមានការយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍។

លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានធ្វើរបាយការណ៍សាងសង់ព្រះវិហារចំណាយទឹកប្រាក់សរុបអស់ចំនួន ៣៣,៨៥៨,៤ ដុល្លារ ក្នុងនោះមានខឿនក្រោមបណ្តោយ ប្រវែង៥០ម៉ែត្រនិងទទឹង៣០,៥០ម៉ែត្រនិងកម្ពស់២ម៉ែត្រ តួព្រះវិហារមានបណ្តោយប្រវែង២៤ម៉ែត្រ និងទទឹងប្រវែង១២ម៉ែត្រ កម្ពស់ជើងរៀង៨ម៉ែត្រ កម្ពស់ពីដីដល់កំពូលត្រៃសូ២១ម៉ែត្រ កម្ពស់ពីដីដល់កំពូល១៧ម៉ែត្រ មានហោជាងបែមុខទៅទិសទាំង៤ ជវាដងក្តា នាគជ្រុង នាគចែង ហប់រោងឆាយ៣ជាន់ សងខាង២ជាន់ ឆ្វេង ស្តាំមានគ្រុឌ តាមសសររៀងទាំងអស់ ជញ្ជាំងព័ទ្ធជុំវិញ មានទ្វាចំនួន១១ ដំបូលប្រក់ក្បឿងស្រកានាគ៕