(ឧត្តរមានជ័យ)៖ ជនសង្ស័យចំនួន៣នាក់ រស់នៅស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត ធ្វើការឃាត់ខ្លួន ពីបទជួញដូរ និងរក្សាទុកគ្រឿងញៀន។

យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យថា ដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ កម្លាំងជំនាញស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ត សហការជាមួយមូលដ្ឋានស្រុកត្រពាំងប្រាសាទ ដឹកនាំដោយលោកអនុសេនីយ៍ឯក ប៊ុត សាវុទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិស្រះជ្រៃ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។

លទ្ធផលឃាត់ខ្លួនបានជនសង្ស័យ ១នាក់ ឈ្មោះ ស៊ឹម បូ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិ ឃុំខាងលើ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៍សថ្លា (ម៉ាទឹកកក) ១កញ្ចប់ធំ និង១៥កញ្ចក់តូច ទម្ងន់ ៤.៦១ក្រាម ទូរស័ព្ទដៃ១គ្រឿង ប្រាក់ខ្មែរ ២០,០០០រៀល និងសម្ភារៈសម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន។

លុះរសៀលថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញបានបន្តចុះបង្ក្រាបនៅភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

លទ្ធផលបានឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀត
១៖ ឈ្មោះ ហ៊ីង វណ្ណី ភេទប្រុស អាយុ ៣១ឆ្នាំ
២៖ ឈ្មោះ កែវ សារិន ភេទស្រី អាយុ ៤៤ឆ្នាំ អ្នកទាំងពីរជាប្តីប្រពន្ធ រស់នៅភូមិ ឃុំខាងលើ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ១កញ្ចប់ធំ និង ៣២កញ្ចប់តូច ទម្ងន់១០,១០ក្រាម ទូរសព្ទដៃ២គ្រឿង កូនកាបូបដាក់សារធាតុញៀន១ និងសម្ភារ:សម្រាប់វិចខ្ចប់មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កំពុងបន្តតាមនីតិវិធីដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕