(ភ្នំពេញ)៖ លោក ម៉ែ ស៊ីថន ជំនួយការផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះ បានយកលិខិតរំលែកទុក្ខ ឯកឧត្តមសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រគល់ជូនលោកជំទាវ អ៊ុំ ផារ៉ាន់ និងក្រុមគ្រួសារ ព្រមទាំងចូលរួមរំលែកទុក្ខ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងសោកស្ដាយក្រៃលែង ចំពោះមរណភាពរបស់ ឯកឧត្តមសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ត្រូវជាស្វាមី លោកជំទាវ អ៊ុំ ផារ៉ាន់ ដែលបានទទួលមរណភាពនៅថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង ៥:៤០ នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

តាមរយៈសារលិខិតរំលែកមរណទុក្ខ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំ និងភរិយា ពិតជាមានសេចក្តីក្តុកក្តួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់របស់ខ្ញុំ និងជាសាស្ត្រាចារ្យផ្នែកខេមរវិទ្យា និងប្រវត្តិសាស្ត្រខ្មែរ ដែលជាស្វាមីរបស់លោកជំទាវ លោកបានទទួលមរណភាព នៅថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៥:៤០នាទីព្រឹក នៅរាជធានីភ្នំពេញ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមសម្តែងនូវសេចក្តីសង្វេគ ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុតព្រោះថាការបាត់បង់ ឯកឧត្តម សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា គឺជាការបាត់បង់នូវស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្ដុង្គឧត្តមចំពោះភរិយា និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះបុត្រាបុត្រី ចៅៗ រួមនឹងញាតិមិត្តជិតឆ្ងាយទាំងអស់ ពិសេស គឺជាការបាត់បង់នូវធនធានមនុស្សល្អឆ្នើមមួយរូបដែលពោរពេញដោយឆន្ទៈមនសិការក្នុងការបំរើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈព្រមទាំងបានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកស្ទួយតម្លៃខេមរភាសា និងប្រវត្តិសាស្ត្រខ្មែរប្រកបដោយជំនាញវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ជារៀងរហូតមក។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា សូមឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ សូមលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងភរិយា»៕