(វៀងច័ន្ទ)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានព្រមានចិនថា មិនគួរប្រងើយ កន្ដើយឡើយ ចំពោះសាលក្រម របស់តុលាការអន្តរជាតិ ទីក្រុងឡាអេ ដែលបានច្រានចោលការ​ទាមទារ របស់ទីក្រុងប៉េកាំងលើតំបន់សមុទ្រចិនខាងត្បូង ខណៈភាពតានតឹងកំពុងកើនឡើង ដែលអាចនឹង គម្រាមកំហែងដល់សន្តិសុខនៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៦។

ថ្លែងទៅកាន់មេដឹកនំាអាស៊ាន ក្នុងកិច្ចប្រជុំកំពូលនៅឯទីក្រុងវៀងច័ន្ទ ប្រធានាធិបតីជិតផុតអាណត្តិ រូបនេះបានគូសបញ្ជាក់ថា «សាលក្រមចេញដោយ តុលាការអន្តរជាតិទីក្រុងឡាអេ កាលពីខែ​កក្កដា ដែលបានវិនិច្ឆ័យថា ទីក្រុងប៉េកំាងគ្មានសិទ្ធិជាប្រវត្តិសាស្ត្រ លើតំបន់សមុទ្រនេះ គួរតែត្រូវបានគោរព ព្រោះថាសេចក្ដីសម្រេចនេះ គឺបញ្ជាក់យ៉ាងច្បាស់ពីសិទ្ធិ​នៅក្នុងតំបន់សមុទ្រ»

លោក អូបាម៉ា បន្ថែមថា «ខ្ញុំទទួលស្គាល់ថា ការសម្រចនេះបង្កើតចេញជាភាពតានតឹង ក៏ប៉ុន្តែខ្ញុំក៏កំពុង តែស្វែងរកផងដែរនូវកិច្ចពិភាក្សា ដែលអាចឱ្យយើងចូលរួមចំណែក​ក្នុងលក្ខណៈស្ថាបនារួមគ្នា ដើម្បី បន្ធូរបន្ថយភាពតានតឹង និងលើកកម្ពស់វិស័យការទូត ព្រមទាំងស្ថេរភាពនៅក្នុងតំបន់»

គួរបញ្ជាក់ថា សាលក្រមសម្រេច របស់តុលាការទីក្រុង ឡាអេ គឺជាជ័យជម្នះមួយសម្រាប់ហ្វីលីពីន ដែលបានដាក់ពាក្យបណ្ដឹងនេះកាលពីឆ្នំា២០១៣។ មួយវិញទៀត នៅក្នុងកិច្ចកំពូលអាស៊ាន កាល ពីថ្ងៃពុធ ទីក្រុងម៉ានីល បានថ្កោលទោសយ៉ាងខ្លាំង ចំពោះគម្រោងសាងសង់កោះសប្បនិម្មិត ដោយសម្ងាត់របស់រដ្ឋាភិបាលទីក្រុងប៉េកំាង នៅលើប្រជុំកោះមួយ នៃតំបន់សមុទ្រចិនខាងត្បូង ដែលវាបានធ្វើភាពតានតឹងកាន់តែកើនឡើង៕