(ភ្នំពេញ)៖ រាល់ព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកនៅលើដងទន្លេមុខ​ព្រះបរម​រាជវាំង គេតែងឮឈ្មោះទូកង ដែលមានឈ្មោះថា «ខ្មែរកម្ពុជាមានជ័យ»។ នេះ​ជា​ទូកងតែមួយគត់បង្កើតឡើងដោយបងប្អូនខ្មែរកម្ពុជាក្រោម កំពុងរស់នៅ​កម្ពុជា​។

លោក សាន សាង អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអនុប្រធាន​សមា​គម​ខ្មែរក្រោម បានឱ្យដឹងថា ទូកងនេះ ត្រូវបានបង្កើតឡើងនៅ​ឆ្នាំ​២០០២ ហើយរូបលោកផ្ទាល់ជាស្នើដាក់ឈ្មោះថា «ខ្មែរកម្ពុជាក្រោមមានជ័យ» ទៅកាន់​គណៈ​កម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ ក្នុងនាមជាប្រធានសមាគម​ខ្មែរ​ក្រោម​នាពេលនោះ។

លោក សាន សាង បានរំលឹកថា ឈ្មោះ «ខ្មែរកម្ពុជាក្រោមមានជ័យ» នាំឱ្យមាន​ការ​​ជជែក គិតគូរ និងថ្លឹងថ្លែងច្រើននៅគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្ត​រ​ជាតិ​នាពេលនោះ ព្រោះ​បា​រម្ភប៉ះពាល់ដល់ចំណងមិត្តភាពរវាងកម្ពុជា និងវៀត​ណាម។

ដោយបារម្ភប៉ះពាល់មិត្តភាពនេះ លោក មិន ឃិន ស្នើឱ្យប្រើប្រាស់ឈ្មោះ «តេជៈ​សឺង​គុយមានឫទ្ធិ» និង «ព្រលឹងឧកញ៉ា សឺងគុយ»។ តែលោក សាន សាង មិន​ព្រមទទួលយកឈ្មោះនេះ ហើយនៅតែទទូចចង់ប្រើឈ្មោះ «ខ្មែរកម្ពុជា​ក្រោម​មានជ័យ»។

បើតាមលោក សាន សាង បន្ទាប់ពីមានមិនឯកភាពគ្នាក្នុងការប្រើប្រាស់ឈ្មោះ «ខ្មែរកម្ពុជាក្រោមមានជ័យ» លោក មិន ឃិន ក៏បានភ្ជាប់ទូរស័ព្ទទៅសម្តេច​តេជោ ហ៊ុន សែន ព្រោះមានតែសម្តេចតេជោប៉ុណ្ណោះអាចសម្រេចបាន។

លោក សាន សាង បានបន្តថា បន្ទាប់ពីឆ្លងយោបល់ ភ្លាមនោះ គឺសម្តេចតេជោ បានសម្រេច និងអនុញ្ញាតឱ្យប្រើប្រាស់ឈ្មោះ «កម្ពុជាក្រោមមានជ័យ» លើទូក​ង​ខ្មែរក្រោម។

លោក សាន សាង បានចាត់ទុកសម្តេចតេជោ គឺជាស្ថាបនិកនៃឈ្មោះទូកងខ្មែរ​ក្រោម​នេះ ហើយក៏បានបង្កប់អត្ថន័យជ្រាលជ្រៅនៃជម្រៅបេះដូងរបស់សម្តេច​តេជោ ចំពោះបងប្អូនខ្មែរកម្ពុជាក្រោម។

រំលឹកដល់រឿងនេះ លោក សាន សាង ជួសមុខឱ្យបងប្អូនខ្មែរក្រោម សម្តែងការ​ដឹងគុណ និងអរគុណជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែល​អនុ​ញ្ញាត​​ឱ្យប្រើប្រាស់ឈ្មោះ «ខ្មែរកម្ពុជាក្រោមមានជ័យ» លើទូកងខ្មែរក្រោម។ តាម​រយៈឈ្មោះទូកងនេះ ធ្វើឱ្យពាក្យ «ខ្មែរក្រោម» បានឮរាល់ឆ្នាំក្នុង​ព្រះរាជ​ពិធី​ប្រ​ណាំង​ទូកងនៅកម្ពុជា។

ខ្មែរក្រោមមកពីខេត្តព្រះត្រពាំង លោក សាន សាង បន្ទាប់ពីបានចូលរួមជីវភាព​នយោ​បាយជាមួយគណបក្សប្រជាជនកម្ពុជា លោកក៏មានបំណងធ្វើទូកងពីរ​គ្រឿង​យកទៅដាក់នៅវត្តលើទឹកដីខ្មែរក្រោម ដើម្បីជាអនុស្សាវរីយ៍ និងជាការរួម​ចំណែករក្សាវប្បធម៌ដូនតារបស់ខ្មែរក្រោម៕