(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្តែងការសោកស្តាយពន់ពេកចំពោះមរណភាពរបស់លោកសាស្ត្រាចារ្យប្រវត្តិសាស្ត្រ សំបូរ មាណ្ណារ៉ា។

នៅទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន សម្តេចតេជោ បានបញ្ជាក់ថា យប់មិញនេះ សម្តេចបានតាមដានជំងឺរបស់លោករហូតម៉ោង៣ទៀបភ្លឺ។ ពេលភ្ញាក់ពីដំណេកសម្តេចទទួលបានដំណឹងដ៏សែនអាក្រក់គឺមរណភាពរបស់លោកសាស្ត្រាចារ្យ។

សម្តេចតេជោ បានរំលឹកថា សម្តេចបានជួយថវិកាប្រមាណ ១០ម៉ឺនដុល្លារ ដើម្បីព្យាបាលជំងឺលោកសាស្ត្រាចារ្យកាលពី២ខែមុន។ ប៉ុន្តែប្រហែលស្ថានភាពជំងឺធ្ងន់ធ្ងរ ទើបមិនអាចជួយលោកបាន។

សម្តេចតេជោ បានចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្ដាយជាទីបំផុត ជូនចំពោះក្រុមគ្រួសារសពលោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រ។

សម្តេចតេជោ ចាត់ទុកមរណភាពរបស់លោកសាស្ត្រាចារ្យមិនត្រឹមតែជាការបាត់បង់នូវស្វាមី ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌សម្រាប់ភរិយា កូនៗ និងចៅៗតែប៉ុណ្ណោះទេ គឺជាការបាត់បង់ក៏ធំធេងនូវធនធានមនុស្សដ៏មានតម្លៃបំផុត សម្រាប់សង្គមជាតិកម្ពុជាទាំងមូល។

សម្តេចតេជោ បានគូសរំលេចដែរថា ទោះបីពេលនេះ លោកសាស្ត្រាចារ្យបានឃ្លាតកាយឆ្ងាយហើយក្ដី ប៉ុន្តែពាក្យអប់រំ ទូន្មាន ប្រៀនប្រដៅ ពុទ្ធិ គំរូវីរភាព និងពលិកម្មដ៏ធំធេងពេញមួយជីវិតរបស់លោកសាស្ត្រាចារ្យ ក្នុងបុព្វហេតុជាតិមាតុភូមិ គឺនៅតែដក់ជាប់ក្នុងបេះដូង និងការចងចាំរបស់យុវជនខ្មែរគ្រប់រូបជាដរាប។

សម្តេចតេជោប្រធានព្រឹទ្ធសភា បានអរគុណលោកសាស្ត្រាចារ្យដែលបានជួយសម្តេច និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាទីប្រឹក្សានាយករដ្ឋមន្ត្រី។

សម្តេចតេជោ បានរំលេចសារសែនស្រណោះអាល័យចុងក្រោយបែបនេះ «ខ្ញុំសូមជូនដំណើរលោកសាស្ត្រាចារ្យត្រឹមនេះ និងសូមជំរាបលាដោយគ្មានពេលជួបវិញ»។

សូមបញ្ជាក់ថា សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្ត្រ លោក សំបូរ មាណ្ណារ៉ា បានទទួលមរណភាពនៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

មរណភាពលោកសាស្ត្រាចារ្យជាការបាត់បង់ធនធានមនុស្សផ្នែកប្រវត្តិសាស្ត្រដ៏ខ្លាំងពូកែមួយរូប។ ក្នុងនាមសាស្ត្រាចារ្យ លោកបានបន្សល់ស្នាដៃ ផ្តល់ពុទ្ធិដល់កុលបុត្រខ្មែរជាច្រើនរូប។

សពរបស់លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ១ ផ្លូវ៥A សង្កាត់សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕