(ស្ទឹងត្រែង)៖ ប្រជាពលរដ្ឋ៨៨គ្រួសារ នៅភូមិវើនសៀន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង រីករាយពេលទទួលបានស្ពាន និងផ្លូវស្រួលធ្វើដំណើរ ខណៈពីមុនប្រជាពលរដ្ឋត្រូវប្រើទូកកាណូតជាមធ្យោបាយ ធ្វើដំណើរទៅវិញទៅមក។

ភូមិវើនសៀន ជាភូមិដាច់ស្រយាលមួយរបស់ឃុំអូរស្វាយ ដែលមានចម្ងាយជាង២០ គីឡូម៉ែត្រពីទីរួមស្រុក មិនដែលមានផ្លូវស្ពានសម្រាប់ធ្វើដំណើរទេ ប្រជាពលរដ្ឋបានប្រើទូកណូតជាមធ្យោបាយបច្ចុប្បន្នមានផ្លូវស្ពានសម្រាប់ ធ្វើចរាចរណ៍ទៅមកបានស្រួល។       

ក្នុងឱកាសចុះពិនិត្យសមិទ្ធផលផ្លូវ ស្ពានចាប់ចេញេពីទីរួមស្រុកបុរីអូរស្វាយសែនជ័យ ទៅកាន់ភូមិវឺនសៀន នៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានបញ្ជាក់ថា «រដ្ឋបាលស្រុក បានដោះស្រាយភាពលំបាកនេះ ដោយប្រើប្រាស់ថវិកាអភិវឌ្ឍន៍ស្រុកសាងសង់ស្ពានឈើក្បាលស្ពានបេតុង តភ្ជាប់ផ្លូវគ្រួសក្រហម ដែលមន្ទីរអភិវឌ្ឍន៍ជនបទបានស្ថាបនា ហើយកាលពីឆ្នាំ២០២១ ដើម្បីឱ្យប្រជាពលរដ្ឋប្រមាណ៧០០គ្រួសារ បានប្រើប្រាស់ជាប្រយោជន៍សាធារណៈ»

លោកអភិបាលស្រុក បានបន្តថា បន្ទាប់ពីបានផ្លូវស្ពាននេះ តភ្ជាប់គ្នាហើយ រដ្ឋបាលស្រុក មានចក្ខុវិស័យមួយបន្ថែមទៀត គឺស្ថាបនាផ្លូវតាមជួរមាត់ ឬទន្លេមេគង្គ តភ្ជាប់ទៅមកកាន់ទីដីក្រុងស្ទឹងត្រែង ដើម្បីបានបម្រើមធ្យោបាយដឹក ជញ្ជូនកសិផលរបស់ប្រជាកសិករ និងបានជំរុញដល់វិស័យទេសចរណ៍ឱ្យមានការរីកចម្រើមកដល់តំបន់នេះផងដែ។

លោកស្រី ហ៊ី ចាន់ដន មេភូមិវើនសៀន បានគាំទ្រដល់ចក្ខុវិស័យនេះ ព្រោះប្រជាពលរដ្ឋរស់នៅតំបន់នេះតាំងពីឆ្នាំ១៩៦០មក មិនដែលមានផ្លូវសម្រាប់ជិះកង់ឬម៉ូតូទេ ប្រើប្រាស់តែទូកជាមធ្យោបាយសម្រាប់ធ្វើដំណើរទាក់ទងគ្នា និងដឹកជញ្ជូនទំនិញទៅមកប៉ុណ្ណោះ។

លោកស្រីបន្តថា៖ «សមិទ្ធផលថ្មីនេះជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋនៅទីជនបទ ដោយសារតែកន្លងមកកសិករយើងផលិតផលកសិកម្មបាន គ្មានទីផ្សារបញ្ជាទិញទេ កូនក្រមុំក៏អេ គ្មានអ្នកមកដណ្តឹងដែរ។ ហើយបច្ចុប្បន្នមានផ្លូវមានស្ពានឈ្មួញបរឡានមកទិញដល់ផ្ទះ បានបង្ហាញគុណតម្លៃដែលបានមកពីការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលយើង»

លោក ផាន់ រ៉ា តំណាងឱ្យប្រជាពលរដ្ឋនៅភូមិនេះ បានសាទរយ៉ាងក្រៃលែងពេលនៅក្នុងភូមិមានផ្លូវស្ពានល្អបែបនេះ ព្រោះប្រជាពលរដ្ឋស្រូលធ្វើដំណើរបានឆាប់រហ័ស ដូចជាពេលមានជំងឺឈឺថ្កាត់ ទៅមណ្ឌលសុខភាព កូនចៅទៅសាលារៀនក៏ទាន់ពេលវេលាដែរ។

សូមបញ្ជាក់ថា ស្ពានឈើនេះមានប្រវែង ៥៥ម៉ែត្រ ទទឹង៣.៥០ម៉ែត្រ ស្ថាបនាសម្រេចបានលទ្ធផល៩៥% ហើយសម្រាប់តភ្ជាប់ពីទីប្រជុំជនឃុំអូរស្វាយ ទៅកាន់ភូមិវើនសៀន ក្នុងចម្ងាយផ្លូវជាង២០គីឡូម៉ែត្រ ដែលបានការបន្ថយទាំងស្រុងពីការប្រើប្រាស់ទូកជាមធ្យោបាយ៕