(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា នៅឆ្នាំ២០៣០ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងក្លាយទៅជាមន្ទីរពេទ្យតំបន់ ដែលមានទំហំធំ និងបំពាក់ដោយឧបករណ៍ទំនើប។

ទោះជាយ៉ាងនេះក្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានឧបករណ៍ទំនើប តែគ្មានគ្រូពេទ្យជំនាញ មិនអាចផ្តល់សេវាព្យាបាលបានល្អនោះឡើយ ហើយរាជរដ្ឋាភិបាល បានដាក់ចេញគោលដៅបំពាក់បរិក្ខារពេទ្យទំនើបៗទៅគ្រប់មន្ទីរពេទ្យ តែក៏ត្រូវបណ្តុះបណ្តាលគ្រូពេទ្យជំនាញផងដែរ ដើម្បីឆ្លើយតបរវាងបរិក្ខារទំនើប និងគ្រូពេទ្យជំនាញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបែបនេះ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញសម្ពោធអគារបម្រើសេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើបនៅមន្ទីរពេទ្យបង្អែកខេត្ត សៀមរាប តម្លៃជិត ២០លានដុល្លារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានឯកភាពគ្នា ធ្វើមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ ឱ្យក្លាយជាពេទ្យតំបន់ ដើម្បីជួយធានាសេវាកម្រិតខ្ពស់ឱ្យដល់ប្រជាពលរដ្ឋ ជាងអ្នកសៀមរាប ដឹងអ្នកជំងឺដោយរថយន្តសង្គ្រោះបន្ទាន់ ទៅរាជធានីភ្នំពេញ ៣ ទៅ៤ ម៉ោង បើស្ទះផ្លូវអាចនឹងយឺត។ អ្នកខេត្តកំពង់ធំ អ្នកខេត្តព្រះវិហារ ត្រូវដឹកទៅទីនោះក៏លំបាកដែរ អាចរុញមកទីនេះ អាចទទួលបានសេវា»

បើតាមការថ្លែងរបស់សម្តេចធិបតី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាកម្ចីឥណទាន ពីខាងចៃកា ចំនួន ១៤៤លានដុល្លារ ដើម្បីអភិវឌ្ឍពេទ្យតំបន់ ទីមួយនៅខេត្តសៀមរាប និងទីពីរ នៅខេត្តកំពង់ចាម ដើម្បីចាប់ផ្តើម។ សម្តេចធិបតី​ បន្តថា ពេលធ្វើឱ្យជោគជ័យ នឹងមានការពង្រីកទៅតំបន់ផ្សេងទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ការអភិវឌ្ឍវិស័យសុខាភិបាល គឺជាកិច្ចការដ៏សំខាន់របស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រសើរនូវសុខុមាលភាពមូលធនមនុស្ស។ ក្នុងរយៈពេលប្រមាណ ៤ឆ្នាំនេះ រាជរដ្ឋាភិបាល គ្រោងចំណាយប្រមាណ ១៤០០លានដុល្លារអាមេរិក សម្រាប់ពង្រឹងវិស័យសុខាភិបាល ព្រោះសម្តេចយល់ថា ការវិនិយោគលើវិស័យសុខាភិបាល គឺជាការជួយសេនាទេវតា ជួយជីវិតប្រជាពលរដ្ឋ។

បន្ថែមលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំគ្រូពេទ្យ, បុគ្គលិកសុខាភិបាល ត្រូវ​រក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូរ ដោយប្រកាន់ខ្ជាប់គ្រប់ពេលវេលានូវក្រម​សីល​ធម៌​វិជ្ជាជីវៈ ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ដោយភាពស្មោះ​ត្រង់៕