(ដាម៉ាស់)៖ ពេលនេះក្រសួងការបរទេសស៊ីរី បានចេញសេចក្តីថ្លែងការណ៍មួយជាផ្លូវការ ដោយក្នុងនោះ ខ្លួនបានអះអាងថា ចក្រភពអង់គ្លេសគឺជាអ្នកដែលត្រូវទទួលខុសត្រូវដោយផ្ទាល់ ចំពោះសង្គ្រាមបង្ហូរ ឈាម រយៈពេល ០៥ឆ្នាំមកនេះនៅក្នុងប្រទេសស៊ីរី។ នេះបើតាមសារព័ត៌មានស៊ិនហួរ ដកស្រង់ការផ្សាយពីសារព័ត៌មានរដ្ឋស៊ីរី SANA នៅមុននេះបន្តិច នារសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៦។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលស៊ីរីខាងលើនេះ បានធ្វើឡើងបន្ទាប់ពីការលើកឡើងថ្មីៗនេះ ដោយ លោក Boris Johnson រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស ស្តីពីស្ថានការណ៍នៅស៊ីរី ដោយមន្ត្រីទើបនឹងឡើងកាន់តំណែងថ្មីនេះ បានធ្វើការឆ្លុះបញ្ចាំងពី «ភាពផ្ទុយពីការពិត» និងការចូលរួម នៃរដ្ឋាភិបាលរបស់អង់គ្លេស ទៅក្នុងការរួបរួមសម្ព័ន្ធមិត្តដើម្បីធ្វើអន្តរាគមន៍នៅប្រទេសស៊ីរី។

លោក Johnson កាលណោះបានអំពាវនាវឲ្យលោក ពូទីន ប្រធានាធិបតីរុស្ស៊ី បញ្ឈប់ការគាំទ្រមកលើ ប្រធានាធិបតីស៊ីរីលោក បាហ្សា អាល់ អាស្សាដ ដោយហៅរដ្ឋាភិបាលរបស់ស៊ីរីបច្ចុប្បន្ននេះថាជា «ម៉ាស៊ីនសម្លាប់មនុស្ស»។ ក្រសួងការបរទេសស៊ីរីបានថ្លែងទៀតថា ចក្រភពអង់គ្លេសគឺមានប្រវត្តិសាស្ត្រ ឈ្លានពានប្រជាជនក្នុងតំបន់នានា ជាយូរលង់ណាស់មកហើយ ហើយប្រជាជនស៊ីរីនឹងមិន​អនុញ្ញាតឲ្យ លោក Johnson ឬក៏បក្ខពួករបស់លោក មកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងស៊ីរីជាដាច់ខាត៕