(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចកត់សម្គាល់ថា ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនៅឆ្នាំនេះ រៀបចំបានល្អ បង្កភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។ ដោយឡែកបញ្ហាអសន្តិសុខ និងការបង្កហិង្សានានា ថយចុះប្រមាណ ៣០ភាគរយ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធ ដាក់ឲ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាន នៅសាកលវិទ្យាល័យការពារជាតិ និងបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ និងបើកវគ្គសិក្សាសម្រាប់ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ឆ្នាំនេះ យើងមានការសប្បាយរីករាយ នៅគ្រប់រាជធានី-ខេត្ត ស្រុក-ក្រុង សាលារៀន វត្តអារាមទាំងអស់ គឺយើងបានរៀបចំពិធីដ៏ល្អ ហើយទីកន្លែង សាធារណៈរៀបចំបានល្អ តុបតែងអនាម័យសន្តិសុខសណ្ដាប់ធ្នាប់ ឃើញមានប្រជាពលរដ្ឋយើង លេងល្បែងប្រជាប្រិយផុសផុលច្រើន ហើយនៅសឹងគ្រប់កន្លែងទាំងអស់»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បាតុភាពអវិជ្ជមាន ដូចជាការឈ្លោះទាស់ទែង ការវ៉ៃគ្នាក៏មិនមានច្រើន ហើយបញ្ហាអសន្តិសុខ ផ្សេងៗថយចុះ៣០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣ ហើយការលេង ដោយគោរពគ្នាជាច្រើន ហើយនេះ គឺជាស្មារតីនៃការអបអរសាទររបស់ប្រជាជាតិខ្មែរ សម្រាប់បុណ្យចូលឆ្នាំថ្មី។

ឆ្លៀតឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សូមអរគុណដល់គ្រប់ស្ថាប័នជាតិ កងឯកភាពថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធររាជធានី-ខេត្ត ស្រុក-ក្រុង-ខេត្ត ភូមិ-ឃុំ ព្រះចៅអធិការវត្ត គណៈគ្រប់គ្រង ជាពិសេសកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្នុងការចូលរួមថែរក្សាសន្តិសុខសុវត្ថិភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កិច្ចការងារនេះ គឺជាកិច្ចការចម្បង នៃការយកចិត្តទុកដាក់ធំ របស់រាជរដ្ឋាភិបាល គឺសន្តិសុខសណ្ដាប់ធ្នាប់ ដែលយើងឃើញថា ការប្រារព្ធពិធី ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺបានប្រព្រឹត្តទៅដោយល្អ។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏អរគុណដល់ប្រជាការពារ ក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារចុះជួយបណ្ដាលរាជធានី-ខេត្ត ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួម ហើយនៅក្រៅប្រទេស យើងក៏បានរៀបចំ តាមស្ថានកុងស៊ុល និងឯកអគ្គរាជទូត នៅតាមបណ្តាប្រទេសផ្សេងៗផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអរគុណដល់សាលារាជធានី ដែលបានរៀបចំរថយន្តក្រុងជិត៤០០គ្រឿង ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដឹកប្រជាពលរដ្ឋបានជាង៧ម៉ឺននាក់ ហើយសំខាន់មានទឹកសុទ្ធ ហើយថែមទឹកភេសជ្ជៈប៉ូវកម្លាំងបន្ថែមទៀត។

យោងតាមរបាយការណ៍ បានបង្ហាញថា នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុបជាង ២១.៨១លាននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤។
ក្នុងចំណោមភ្ញៀវទេសចរសរុបទាំងជាង ២១លាននាក់នោះ មានភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋប្រមាណ ២១.៧០លាននាក់ និងទេសចរបរទេសប្រមាណ ១១ម៉ឺននាក់៕