(ស្វាយរៀង)៖ យោងតាមសំណើរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តស្វាយរៀង និងមានសំណូមពរពីអាជ្ញាធរមូលដ្ឋានសំណើសុំដោះស្រាយសម្ភារៈ ស្បៀង ថវិកាដល់គ្រួសារមានកូនភ្លោះ៣នាក់ ដែលមានឪពុកឈ្មោះ ព្រំ វិចិត្រ អាយុ៣០ឆ្នាំ ម្តាយឈ្មោះ ស្រី ស៊ីណា អាយុ៣០ឆ្នាំ រស់នៅភូមិអង្គស្វាយ ឃុំប្រសូតិ ស្រុកស្វាយទាប ដែលកំពុងជួបការខ្វះខាតដោយសារកូននៅតូចៗ។

នៅថ្ងៃទី១៨ ខែមេសាឆ្នាំ ២០២៤ លោកស្រី ភួង សារី លេខាធិការគណៈកម្មាធិការសាខា និងលោកស្រី ចន្ទ សេង ប្រធានគណៈ កម្មាធិការពិគ្រោះយោបល់កិច្ចស្ត្រី និងកុមារខេត្តស្វាយរៀង រួមជាមួយក្រុមការងារ និងដោយបានការសម្រេចឆ្លើយតបពីលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ដើម្បីចុះទៅសួរសុខទុក្ខ នាំយកស្បៀង សម្ភារៈ ថវិកា ទៅប្រគល់ជូនដល់លំនៅដ្ឋានរបស់ជនងាយរងគ្រោះកូនភ្លោះ៣នាក់។

ក្នុងឱកាសនោះ លោកស្រី ភួង សារី បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ហើយខិតខំថែរក្សាសុខភាពឱ្យបានល្អដោយប្រកាន់យកនូវអនាម័យល្អរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងយកកូនទៅចាក់ថ្នាំបង្ការឱ្យបានគ្រប់ចំនួនតាមការណាត់របស់គ្រូពេទ្យ ហើយត្រូវមើលថែកូនឱ្យបានល្អព្រោះសព្វថ្ងៃអាកាសធាតុក្តៅខ្លាំង បើកូនមានអារមិនស្រួលត្រូវប្រញាប់នាំកូនទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិត។

ជាមួយគ្នានេះលោកស្រីបានអំពាវនាវ ឱ្យចូលរួមអនុវត្តតាមអនុសាសន៍ក្នុងការថែទាំសុខភាពម្តាយ និងកូនក្នុងបរិបទ «រស់នៅធម្មតាតាមបែបគន្លងថ្មី» របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវស្ថានភាពសុខភាពមាតាទារកនិងកុមារ នៅកម្ពុជា។

អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ ៦០ គីឡូក្រាម មី ១កេស ត្រីខ ទឹកស៊ីអ៉ីវ១យួរ មុង១ ភួយ១ ក្រម៉ា១ សារុង កញ្ចប់ឃីតមាតា ទារក៣កញ្ចប់ និងថវិកា ២០ម៉ឺនរៀល និងថវិកាមូលនិធិឃុំ ១៥ម៉ឺនរៀល៕