(ភ្នំពេញ)៖ ប្រជាជនកម្ពុជា-ចិន ជាពិសេសយុវជនពិតបានដើរតួនាទីសំខាន់ណាស់ ក្នុងការជំរុញឱ្យទំនាក់ទំនងទៅវិញទៅមក ឱ្យកាន់តែរឹងមាំថែមទៀត ខណៈដែលទំនាក់ទំនងប្រទេសយើងទាំងពីរ កំពុងឈានដល់ចំណុចល្អលើគ្រប់វិស័យ។

លោកបណ្ឌិត កៅមុយ ថង អ្នកវិភាគនៅកម្ពុជាបានបញ្ជាក់ថា មកដល់ពេលនេះ ទំនាក់ទំនងកម្ពុជាចិន គឺជាទំនាក់ទំនងមួយ ឈានទៅដល់ទំនាក់ទំនងមិត្តភាពគ្រប់ជ្រុងជ្រោយ ឬហៅថាទំនាក់ទំនងពេជ្រប្រាំមួយជ្រុងហើយ ដែលយើងកំណត់ថា ឆ្នាំ២០២៤ជាឆ្នាំមួយផ្លាស់ប្ដូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដើម្បីជំរុញ នៃការអភិវឌ្ឍប្រទេសយើងទាំងពីរលើគ្រប់វិស័យ។

លោកបណ្ឌិតបញ្ជាក់ថា យើងមិនមែនធ្វើមានតែទំនាក់ទំនងរដ្ឋនិងរដ្ឋ ឬស្ថាប័នកំពូលនៃរដ្ឋាភិបាលទេ គឺយើងឈានទៅដល់ ការធ្វើទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋដើម្បីស្វែងយល់ និងជោគជ័យទាំងអស់គ្នា នៅលើគ្រប់កម្រិត។ លោកបណ្ឌិតនិយាយថា៖ «គឺមានសារសំខាន់ណាស់សម្រាប់ជំរុញ នូវការយល់ដឹងអំពីវប្បធម៌ នៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ មិនមែនគ្រាន់តែរដ្ឋាភិបាលត្រូវយល់ទេ ក៏ប៉ុន្តែប្រជាពលរដ្ឋក៏ត្រូវយល់ដឹងដែរ។ ឧទាហរណ៍យើងមិនត្រូវមានការរើសអើង យើងមិនត្រូវនិយាយថា ជនជាតិនេះ ជនជាតិនោះទេ អាហ្នឹងគឺខាតបង់ទាំងអស់ ប្រសិនបើយើងរើសអើង យើងលាបពណ៌ជនជាតិនេះ ជនជាតិនោះអាក្រក់ ជនជាតិនេះអ៊ីចេះអ៊ីចុះគឺខាតបង់ហើយ។អ៊ីចឹងខ្ញុំសូមអំពាវនាវថាមិនត្រូវលាបពណ៌នូវជនជាតិបរទេសនោះទេ។ ប្រទេសគេគឺគេព្យាយាមធ្វើយ៉ាងម៉ិចឱ្យមិនឱ្យលាបពណ៌ទេ រហូតដល់ថា ពេលយើងខុសឆ្គងបន្តិចបន្តួចគេលើកលែងទាំងស្រុង នូវជនបរទេសដើម្បីជំរុញនូវទំនាក់ទំនងឱ្យកាន់តែល្អប្រសើរនៃប្រជាជន និងប្រជាជន។»

លោកបណ្ឌិតបញ្ជាក់ថា ដើម្បីឱ្យទំនាក់ទំនងកម្ពុជាចិនកាន់តែល្អថែមទៀតនោះ ប្រជាជន នៃប្រទេសទាំងពីរគប្បីស្វែងយល់ពី វប្បធម៌រវាងគ្នានិងគ្នា ហើយដាច់ខាតមិនត្រូវមានការលាបពណ៌គ្នា មិនត្រូវនិយាយពីចំណុចអវិជ្ជមានរបស់គ្នា យើងត្រូវយល់ដឹងពីចំណុចល្អ របស់គេជារឿងសំខាន់។

លោកបណ្ឌិត ជាមុនី ឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍភាពកម្ពុជា-ចិនបានចូលរួមជាគំនិតដែរថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត និងផ្លូវដែលដាក់ចេញដោយលោកស៊ីជីងពីងប្រធានាធិបតីចិន នៅក្នុងនោះមានចំណុចមួយដែលសំខាន់ គឺការតភ្ជាប់រវាងប្រជាជន និងប្រជាជន ។ ហើយដោយឡែកឆ្នាំ២០២៤នេះ ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីបានកំណត់យកជាឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ដើម្បីបង្កើនល្បឿនស៊ីជម្រៅ ពីគ្នាទៅវិញទៅមក។

លោកបណ្ឌិតលើកឡើងថា៖ «ក្នុងន័យនេះ កម្ពុជាក៏ចង់ឱ្យប្រជាជនចិនយល់កាន់តែស៊ីជម្រៅពីប្រទេសកម្ពុជា ហើយប្រជាជនកម្ពុជា ក៏ត្រូវយល់ដឹងដូចគ្នាដែរ។ ដើម្បីយល់ច្បាស់ប្រជាជនជាពិសេសយុវជនកម្ពុជា ជាអ្នកបន្តវេនត្រូវស្វែងយល់ពីឱ្យបានច្បាស់លាស់ ទៅតាមលក្ខខណ្ឌទិដ្ឋភាពប្រវត្តិសាស្ត្រ ច្បាប់ ជាពិសេសការសម្រេចរបស់អង្គការសហប្រជាជាតិ ស្តីពីការទទួលស្គាល់ចិនតែមួយ ដើម្បីបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាលក្ខណៈកល្យាណមិត្តផង ជាមិត្តដែកថែបរវាងកម្ពុជានិងចិនឱ្យកាន់តែរឹងមាំថែមទៀតផង។»

សម្រាប់ឆ្នាំ២០២៤នេះ ក្រុមអ្នកវិភាគ និងសង្គមស៊ីវិលនៅកម្ពុជាបានបង្ហាញក្តីសង្ឃឹម ជឿជាក់ថា ចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិននឹងកាន់តែរឹងមាំគង់វង្សស្ថិតស្ថេរ ដើម្បីជាគុណប្រយោជន៍ដ៏ធំធេង សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។ ផ្នែកលើទំនាក់ទំនង ដ៏ល្អរវាងប្រទេសទាំងពីរ និងការសហការគ្នាជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំកម្ពុជា-ចិន ប្រទេសទាំងពីរកាន់តែយល់ចិត្តគ្នា ហើយគាំទ្រគ្នាគ្រប់កាលៈទេសៈ៕

វិទ្យុមិត្តភាពកម្ពុជាចិន