(ភ្នំពេញ)៖ ប្រភពផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ CNRP បានឲ្យដឹងថា លោក កឹម សុខា ភ័យរហូតដេកមិនលក់ គឺភ័យខ្លាចត្រូវចាប់ខ្លួន និងភ័យខ្លាចជាប់គុក បន្ទាប់ពីលឺការប្រកាស​របស់តុលា​ការ​សាលា​ដំបូងរាជធានីភ្នំពេញ ចាប់ផ្តើមបើកសវនាការជំនុំជម្រះក្តី លោក កឹម សុខា ក្នុងបទចោទ «បដិសេធក្នុងការចូល ខ្លួនតាមមាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌ» នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ។

អ្នកតាមដាននយោបាយនៅកម្ពុជា បានលើកឡើងថា លោក កឹម សុខា មានតួនាទីជាប្រធានបក្សស្តីទី និងជាតំណាងរាស្ត្របក្សប្រឆាំង ប៉ុន្តែដល់តែស្តាប់លឺប្រភពផ្ទៃក្នុង ដែលទម្លាយពីអារម្មណ៍លោក កឹម សុខា ទើបដឹងការពិតជាក់ស្តែងថា លោក កឹម សុខា មិនយល់អំពីនីតិវិធីច្បាប់សោះ។ ធ្វើជាប្រធានបក្សមួយ ហើយមានតួនាទីជាតំណាងរាស្ត្រ ដែលជាអ្នកធ្វើច្បាប់ទៅទៀត ប៉ុន្តែហេតុអ្វីការយល់​ដឹងអំពីច្បាប់អីក៏អន់មេស ? អ្នកនៅជុំវិញខ្លះក៏ ឲ្យយោបល់យ៉ាប់ទៅទៀត។ តើបក្សប្រឆាំងមួយនេះ មានសមត្ថភាពអ្វីពិតប្រាកដ? នេះបានពិតជាពូកែតែរឿងញុះញុង បំភ្លៃ និង រឿងផ្លូវភេទ មែន Sic !

អ្នកតាមដាននយោបាយដដែលរូបនោះ បានបន្តអះអាងថា បើមិនចេះដឹង ម្តេចក៏មិនសួរយោបល់និស្សិតច្បាប់ ? តើមានផ្លូវច្បាប់ឯណាដែលត្រូវចាប់ខ្លួនជនជាប់ចោទ លើបទល្មើសតូចតាច​ដែលមានទោសមិនដល់មួយឆ្នាំ និងនៅពេលសាលក្រម មិនទាន់ចូលជាស្ថាពរទៅទៀតនោះ ? ម្យ៉ាងទៀតលោក កឹម សុខា ក៏គួរយល់ដឹងថា តុលាការកម្ពុជា ដែលជាតុលាការរបស់ជាតិ គឺមានបីថ្នាក់៖ តុលាការសាលាដំបូង សាលាឧទ្ធរណ៍ និងតុលាការកំពូល។ នេះតុលាការសាលាដំបូង ទើបតែប្រកាសបើកការជំនុំជម្រះ ក៏បែរជាស្លន់ស្លោ មិនយល់អ្វីសោះយ៉ាងនេះ !? ឱ! លោកតំណាងរាស្ត្រ និងអ្នកកាច់ចង្កូតបក្សប្រឆាំងអ្ហើយ ! អីក៏កំសាកយ៉ាងនេះ តើទៅដឹកនាំអ្វីកើត !?

ដោយសារតែមិនស្វែងយល់អំពីច្បាប់នេះ បានជាមានរឿង។ ផ្ទុយទៅវិញ ទោះខំធ្វើចំរឹងដែកបាំងស្នាក់ការលាក់ខ្លួន ក៏គ្មានប្រយោជន៍ដែរ។ ហើយបើល្ងង់ ចចេសកែនប្រជាជនខ្លះមក​ធ្វើជាខែលបិទបាំង​ទោសកំហុស ដែលផ្តើមចេញពីការភ្លើតភ្លើនដោយសារកាមតណ្ហាបុគ្គលខ្លួនឯង គឺច្បាស់ណាស់ សាងគ្រោះឲ្យបក្សខ្លួនឯងហើយ៕

ដោយ៖ សេនាជាតិ