(សៀមរាប)៖ ក្រសួងបរិស្ថាន បានចាប់ផ្តើមបន្តសាងសង់បន្ថែមទីស្នាក់ការឧទ្យានុរក្ស «កេសរកូល» នៅខេត្តសៀមរាប សម្រាប់បម្រើជាទីតាំងការងារជូនមន្រ្តីឧទ្យានុរក្ស ក្នុងការងារប្រចាំថ្ងៃលើការងារអនុវត្តច្បាប់ការពារធនធានធម្មជាតិ និងជាមណ្ឌលផ្តល់ និងផ្លាស់ប្តូរព័ត៌មាន ទីតាំងសម្រាប់រៀបចំកិច្ចប្រជុំ និងផ្តល់ការបណ្តុះបណ្តាលនានា ព្រមទាំងធ្វើជាទីកន្លែងប្រកបដោយសុវត្ថិភាពសម្រាប់រក្សាទុកសម្ភារៈជាមធ្យោបាយបទល្មើសដែលបានរឹបអូស។ 

ទីស្នាក់ការឧទ្យានុរក្ស «កេសរកូល» ត្រូវបានសាងសង់កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ដែលមានចំនួន ៣ជាប់គ្នា អគារធំ នៅចំកណ្តាល (ទំហំ១៦ គុណ ១៦ម៉ែត្រ កម្ពស់ ១ជាន់) និងអគារតូចៗចំនួន២ អមសងខាង (ទំហំ១១ គុណ ៥.៥ម៉ែត្រ កម្ពស់ ១ជាន់)។

ស្នាក់នេះមានផ្ទៃដីសរុប ទំហំ១០ហិកតា ស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ភូមិសាស្ត្រ ភូមិខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប
ហើយបានម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។ 

គម្រោង និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍជនបទ ក្រោមហិរញ្ញប្បទានធនាគារពិភពលោក មូលនិធិបរិស្ថានសកល និងរាជរដ្ឋាភិបាលកម្ពុជា។

គម្រោងនេះ មានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារ ធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងបង្កើនសង្វាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប ដែលមាននឹងកំពុងអនុវត្តយ៉ាងសកម្មលើខេត្តគោលដៅចំនួន ៧រួមមាន៖ កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ និងកំពង់ឆ្នាំង៕