(កណ្ដាល)៖ រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ គិតចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋបានសម្រុកដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយគ្រប់ទីតាំងទាំងអស់នៃខេត្តកណ្ដាល ក្នុងនោះដែរពលរដ្ឋប្រមាណជាជាង១៨ម៉ឺននាក់ បានសម្រុកទៅលេងកម្សាន្តសង្ក្រាន្តស្រុកល្វាឯមពោរពេញដោយទឹកមុខសប្បាយរីករាយ ។

លោក កន សុកកាយ អភិបាលស្រុកល្វាឯម បានថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៤ថា រដ្ឋបាលស្រុកល្វាឯម បានរៀបចំព្រឹត្តិការណ៍អបអរសាទរទទួលទេវតាឆ្នាំថ្មី ដោយរៀបចំកម្មវិធីសម្បូរបែប មានសិល្បៈ តន្ត្រី សម្ដែង បង្ហាញស្នាដៃសិស្សជាដើម ជាមួយការថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបានយ៉ាងល្អ ដែលមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បាននាំគ្នាទៅលេងកម្សាន្ដយ៉ាងសប្បាយរីករាយ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្ដិភាព។

លោកអភិបាលស្រុកបន្តថា ចាប់ពីថ្ងៃទី១៣ ខែមេសា ដែលត្រូវនឹងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកពីគ្រប់មជ្ឈដ្ឋានបានមកលេងកម្សាន្ដយ៉ាងសប្បាយរីករាយ នៅទីតាំងចំនួន២ គឺនៅទល់មុខវិទ្យាល័យទឹកឃ្លាំង និងឆ្នេរកោះស្នេហ៍ ដែលមានខ្សាច់ស្អាតផងដែរ រហូតដល់ថ្ងៃទី១៦ ពោលគឺ៤ថ្ងៃ ពលរដ្ឋសរុបប្រមាណជាជាង១៨ម៉ឺននាក់ឯណោះមកលេងកម្សាន្តយ៉ាងដប្បាយរីករាយ។

លោកថាអនុវត្តតាមបទបញ្ជារបស់អភិបាលខេត្ត កម្លាំងសមត្ថកិច្ចចម្រុះក៏ត្រូវបានដាក់ពង្រាយ នៅតំបន់នេះដូចគ្នាដើម្បីការពារសន្ដិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ សំដៅធានាឲ្យកម្មវិធីសប្បាយនេះ បានប្រព្រឹត្តទៅដោយរលូន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

លោកបានបញ្ជាក់ថា រដ្ឋបាលស្រុកមានការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើន ដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើម ស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌ជាដើម។ ពិសេសក៍មានវត្តមានតារាកំប្លែង តារាចម្រៀងមកពីThe voice Cambodia , The Voice Kids Cambodia ,ក្រុមDJ ជាច្រើននាក់ មកអង្រួនឆាកតន្ត្រី ញ៉ាំងឲ្យកម្មវិធីរឹតតែកក្រើកឡើងផងដែរ។

លោកបន្ដទៀតថា ដើម្បីឲ្យការរៀបចំកម្មវិធីអបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការ កកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ច ពិសេសញ៉ាំងកម្មវិធីឲ្យដំណើការរលូនល្អ លោកនិងក្រុមការងារបានខិតខំរៀបចំតាំងពីកន្លះខែមុនមកម្លេះ ដើម្បីធានាបានថា កម្មវិធីសង្ក្រាន្តស្រុកល្វាឯម ប្រព្រឹត្តិទៅដោយរលូនល្អបំផុត។

លោកអភិបាលស្រុក ក៏បានដាក់ក្ដីសង្ឃឹមយ៉ាងមុតមាំថា ឆ្នាំខាងមុខ លោកប្ដេជ្ញាថា នឹងធ្វើឲ្យតែល្អប្រសើរឡើងៗពីមួយកម្រិតៗទៅមួយកម្រិត និងកាន់តែកក្រើកខ្លាំងជាងនេះទៀតផង ៕