(ស្វាយរៀង)៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៤ថ្ងៃ ចាប់គិតពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២៤ ខេត្តស្វាយរៀង មានភ្ញៀវជាតិ និងអន្តរជា តិបានដើរលេងកម្សាន្ត នៅគ្រប់តំបន់រមណីយដ្ឋាន និងទីកន្លែងកម្សាន្ដនានាប្រមាណ ៥៤៣,៦៩៥នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស មានប្រមាណ ១៦៤៩៤នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តស្វាយរៀង។

ដោយឡែក បញ្ហាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់សាធារណៈវិញ កម្លាំងគណៈបញ្ជាការឯកភាពខេត្តស្វាយរៀង ក្រោមការដឹកនាំដោយផ្ទាល់របស់លោកប៉េង ពោធិ៍សា អភិបាលខេត្ត និងលោកស្នងការខេត្ត កម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវធានាបានយ៉ាងល្អប្រសើរ។

សូមបញ្ជាក់ថា ក្នុងរយៈពេល៤ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះដែរ សម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង, លោកបណ្ឌិត សម តារា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង, លោកស្រី ដួង វណ្ណា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង, លោក ម៉ែន វិបុល, លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង រួមទាំងក្រុមការងារជាច្រើនរូបទៀត បានអញ្ជើញចុះពិនិត្យមើលការសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តស្វាយរៀង និងចូលរួមលេងល្បែងប្រជាប្រិយ រាំលេងកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ៕