(ពោធិ៍សាត់)៖ រយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពស.២៥៦៧ គិតចាប់ពីថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៤នេះ ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរ សរុបប្រមាណ​ ១៧១,៣៦៦​នាក់ ក្នុងនោះ ទេសចរជាតិ ចំនួន១៧១,២១៧​នាក់ និងទេសចរបរទេស ចំនួន​ ១៤៩​នាក់ បើប្រៀបធៀបនឹងឆ្នាំមុន ភ្ញៀវមានការកើនឡើងជាង​ ២១,២១%។

បើតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ ខេត្តពោធិ៍សាត់ បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ ឱ្យដឹងថា ស្ថិតិភ្ញៀវទេសចរ ក្នុងខេត្តពោធិ៍សាត់ នាឱកាសថ្ងៃបញ្ចប់ពិធីបុណ្យចូលឆ្នាំ ថ្ងៃទី៤ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរសរុបចំនួន ៦៤,៥៤៤​នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ ចំនួន​៦៤,៥៣១នាក់ និងភ្ញៀវបរទេស ចំនួន​១៣​នាក់។

ប្រភពបន្តថា សម្រាប់រយៈពេល៣ថ្ងៃ គឺថ្ងៃទី១៣-១៥ ខែមេសា ឆ្នាំ២០២៤ ភ្ញៀវទេសចរមានចំនួនសរុប ១១១,៣២២នាក់ ក្នុងនោះទេសចរជាតិ ចំនួន១១១,១៨៦នាក់ និងទេសចរបរទេស ចំនួន១៣៦នាក់។

ប្រភពបានបន្ថែមថា ទីកន្លែងដែលភ្ញៀវទេសចរ និយម និងចូលចិត្តទៅលេងកម្សាន្ដច្រេីនជាងគេ រួមមាន៖

ទី១៖ ទីតាំងមហាសង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់, ទីតាំងសង្ក្រាន្តវត្តបាកាន
ទី២៖ បូជនីយដ្ឋាន ឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ
ទី៣៖ រមណីយដ្ឋានល្បាក់កំរោញ នៅស្រុកភ្នំក្រវាញ
ទី៤៖ តំបន់កម្សាន្តក្នុងស្រុកក្រគរ រួមមាន៖ រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង , រមណីយដ្ឋានវប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្រ្ត «ភ្នំនាគស» ជាដេីម។

បន្ថែមពីនោះ មន្ទីរក៏បានបញ្ជាក់ពីការថយចុះ ចំនួនភ្ញៀវទេសចរ នៅភ្នំ១៥០០(ផ្លូវបុប្ផាលាក់ខ្លួន) ស្រុកវាលវែង ដោយសារឆ្នាំនេះអាកាសធាតុក្តៅខ្លាំង ទេសភាពមិនសូវស្រស់ស្អាត ទើបទេសចរបង្វែរពីការដើរលេងព្រៃភ្នំ មកលេងទឹកធ្លាក់ ខេត្តជាប់មាត់សមុទ្រ ឬសង្ក្រាន្ត ដែលរៀបចំដោយរដ្ឋបាលខេត្តនីមួយៗ វិញម្តង។

មន្ទីរទេសចរណ៍ ខេត្តពោធិ៍សាត់ ក៏បានបែងចែក ក្រុមការងារចុះសហការ និងធ្វើការទំនាក់ទំនង ជាមួយមន្ទីរ អង្គភាព អាជ្ញាធរពាក់ពន្ធ័ ពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នីតិវិធីស្តង់ដារប្រតិបត្តិអប្បរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីផងដែរ៕