(កែប)៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយ៍ជាតិខ្មែរ ឆ្នាំរោងនេះ ខេត្តកែប ទទួលបានភ្ញៀវទេសចរជាតិ និងអន្ដរជាតិទៅលេងកម្សាន្ដប្រមាណជាង១៥ម៉ឺននាក់។ នេះបើការឲ្យដឹងពី លោក សោម ពិសិដ្ឋ អភិបាលខេត្តកែវ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

ដោយឡែក បញ្ហាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់សាធារណៈវិញ កម្លាំងគណៈបញ្ជាការឯកភាពខេត្តកែប ក្រោមការដឹកនាំដោយផ្ទាល់របស់លោក សោម ពិសិដ្ឋ អភិបាលខេត្ត និងមេបញ្ជាការកងកម្លាំងទាំង៣ ត្រូវធានាបានយ៉ាងល្អប្រសើរ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានដឹកនាំមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋលេងកម្សាន្ដប្រកបដោយភាពកក់ក្ដៅ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្ដិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

យោងតាមសិត្ថិបឋមបានឲ្យដឹងថា ចំនួនភ្ញៀវទេសចរដែលបានទៅលេងកម្សាន្ដនៅខេត្តកែប ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយជាតិខ្មែរ រយៈពេល៤ថ្ងៃនេះ សរុបចំនួនជាង១៥ម៉ឺននាក់។

ក្នុងនោះថ្ងៃទី១៣ ខែមេសា ចំនួនភ្ញៀវសរុបចំនួន​១០,៤១៥នាក់​, ថ្ងៃទី១៤ ខែមេសា ភ្ញៀវសរុបចំនួន​៤២,៨១៦នាក់​, ថ្ងៃទី១៥ ខែមេសា​ ភ្ញៀវសរុបចំនួន៥៦,៩៨៨នាក់ និងថ្ងៃទី១៦ ខែមេសា ភ្ញៀវសរុបចំនួន​៤៩.៥៦៩នាក់​៕