(មណ្ឌលគិរី)៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយ៍ជាតិខ្មែរ ឆ្នាំរោងនេះ ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរជាតិ និងអន្ដរជាតិទៅលេងកម្សាន្ដយ៉ាងច្រើនកុះករ។ នេះបើការឲ្យដឹងពី លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

ដោយឡែក បញ្ហាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់សាធារណៈវិញ កម្លាំងគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី ក្រោមការដឹកនាំដោយផ្ទាល់របស់លោក ថង សាវុន អភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្ត ត្រូវធានាបានយ៉ាងល្អប្រសើរ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានដឹកនាំមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋលេងកម្សាន្ដប្រកបដោយភាពកក់ក្ដៅ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្ដិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

សម្រាប់តួលេខបឋមនៃចំនួនភ្ញៀវទេសចរ រយៈពេលបីថ្ងៃមកនេះ ភ្ញៀវជាតិចំនួន១៥,២១៦នាក់ និងភ្ញៀវបរទេសចំនួន៧៦២នាក់ សរុបចំនួន១៥,៩៧៨នាក់៕