(ព្រៃវែង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ បានចុះជួបសំណេះសំណាល ផ្ដល់ថវិកាលើកទឹកចិត្ដដល់គណៈកម្មការអនុគណៈកម្មការ កងកម្លាំង សន្តិសុខ ក្រុមគ្រូពេទ្យ អ្នកអនាម័យ ដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្មបំផុតនៅក្នុងការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែងឆ្នាំ២០២៤ ប្រកបដោយភាពសប្បាយរីករាយបំផុត, នាឱកាសចុះជួបជួបសំណេះសំណាល ផ្ដល់ថវិកាលើកទឹកចិត្ត ក៏មានការចូលរួមអមដំណើរពីលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងផងដែរ។

ថ្លែងនៅក្នុងឱកាសនោះលោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរអរគុណដល់កងកម្លាំង សន្តិសុខ ក្រុមគ្រូពេទ្យ អ្នកអនាម័យ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់បំផុតធ្វើយ៉ាងណាដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន នៅក្នុងព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែង ដែលរៀបចំដោយរដ្ឋបាលខេត្តព្រៃវែង រយៈពេល ៥ ថ្ងៃកន្លងមកនេះបានយ៉ាងសប្បាយរីករាយជាទីបំផុត។

លោក អភិសន្តិបណ្ឌិត បានបន្តទៀតថា ដោយសារតែមានការជួយសហការគ្នា សាមគ្គីគ្នានេះទើបធ្វើឲ្យព្រឹត្តិការណ៍មួយនេះបាន ដំណើរការទៅដោយរលូនពុំមានបញ្ហាអ្វីកើតឡើងនោះទេ ហើយលោកសង្ឃឹមថា នឹងមានបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅក្នុងព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែងឆ្នាំ២០២៤ ដែលរៀបចំដោយរដ្ឋបាលខេត្តនេះ កើនឡើងជាងឆ្នាំកន្លងទៅ។

ក្នុងនោះដែរលោកអភិបាលខេត្ត បានផ្តល់ថវិកាដល់កងកម្លាំងទាំងបី ក្រុមគ្រូពេទ្យ អ្នកអនាម័យចំនួន អនុគណៈកម្មការ ៩៣៩នាក់ ដោយក្នុងម្នាក់ៗទទូលបានថវិកា ១០ម៉ីនរៀល រួមជាមួយនឹងសម្ភារៈ មានដូចជាស្រាបៀរគ្រុឌ, មី, ភេសជ្ជៈ v-active,  SINGHA, មួកសុវត្ថិភាព៕