(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរំលឹកខួបពិការភ្នែកខាងឆ្វេងដោយសារសង្គ្រាមកាលពី៤៩ឆ្នាំមុន ហើយអំពាវនាវឱ្យជនរួមជាតិ ការពារសន្តិភាពឲ្យខាងតែបាន។

តាមបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ថ្ងៃនេះជាខួបលើកទី៤៩ឆ្នាំ នៃថ្ងៃដែលខ្ញុំត្រូវរបួសធ្ងន់រហូតពិការភ្នែកឆ្វេង (16 មេសា 1975-16 មេសា 2024)»

សម្តេចបានបន្តថា «ពេលនោះរយៈពេលនេះខ្ញុំកំពុងសន្លប់ និងបន្ទាប់ពីសន្លប់ច្រើនថ្ងៃពេលដឹងខ្លួនទើបខ្ញុំដឹងថា ភ្នែកឆ្វេងរបស់ខ្ញុំពិការជាមួយភ្នែកស្តាំមើលឃើញមិនច្បាស់ថែមទៀត។ យុវជនដែលមានអាយុ២៣ឆ្នាំខ្ញុំពិតជា ស្តាយស្រណោះកែវភ្នែករបស់ខ្ញុំដែលពិការដោយសារសង្គ្រាម»

សម្តេចបានបន្តថា «ដោយមូលហេតុនេះហើយទើបខ្ញុំខិតខំបញ្ចប់សង្គ្រាមនាំមកនៅសន្តិភាពឯកភាពជាតិឯកភាពទឹកដីបង្កើតនូវការសប្បាយរីករាយជូនប្រជាជនដូចដែលប្រជាជនយើងកំពុងសប្បាយក្នុងឱកាសចូលឆ្នាំប៉ុន្មានថ្ងៃមកនេះ។ សូមរួមគ្នាការពារសន្តិភាពឲ្យខាងតែបាន»