(សៀមរាប)៖ អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មី ស្ថិតនៅក្រោមម្លប់សន្តិភាព ទើបប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការជួបជុំគ្នាបង្កនូវភាពសប្បាយរីករាយ ក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពស ២៥៦៨។

ក្រៅពីរដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប រៀបចំពិធីធ្វើ «សៀមរាបសង្ក្រាន្ត» នៅវត្តស្វាយរមៀត ស្ថិតក្នុងភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាវត្តបុរាណមួយដែលមានអាយុកាលជាច្រើនសតវត្សមកហើយនោះ ក៏បានរៀបចំពិធីលេងល្បែងប្រពៃណីខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដើម្បីបង្កនូវភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ «ក្រោមម្លប់សន្តិភាព» ផង​ដែរ។

ព្រះគ្រូចៅអធិការវត្ត និងគណៈកម្មការ រៀបចំធ្វើសង្ក្រាន្ត នៅវត្តស្វាយរមៀតនេះឡើង ក្នុងគោលបំណងដើម្បិថែរក្សានៅទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលមានតាំងពីបុរុមបុរាណមក ហើយអ្វីដែលជាពិសេសនោះ គឺចង់ឲ្យពិធីជួបជុំនេះ ពោរពេញទៅដោយភាពសប្បាយរីករាយដល់បងប្អូនប្រជាពុទ្ធបរិស័ទ យុវជន យុវតី កុមារាកុមារី បានចូលរួមក្នុងការលេងល្បែងប្រជាប្រិយ នៅក្នុងទីវត្តអារាមជាដើម។

ប្រជាពលរដ្ឋបានសម្តែងនៅក្តីសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នៅវត្តស្វាយរមៀត ដែលមានការលេងល្បែងប្រជាប្រិយជាច្រើន រួមមាន៖ បោះអង្គុញ, ទាញព្រ័ត្រ, រាំវង់ក្រោមម្លប់សន្តិភាព, ការសម្តែងសិល្បះចាប៉ីដងវែង និងការសម្តែងក្បាចគុនបុកត្តោរបស់ខ្មែរផងដែរ។ 

នៅក្នុងឱកាសបុណ្យចូលឆ្នាំថី្ម ឆ្នាំរោង ឆស័ក ព.ស២៥៦៨ យើងបានសង្កេតឃើញថា ប្រជាពលរដ្ឋទាំងចាស់ កេ្មង បានដើរលេងកម្សាន្ត ឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ ដោយមួយចំនួនបានធ្វើដំណើរតាមរថយន្តតូច ធំ ម៉ូតូ រឺម៉ក់កង់បី ឬផាស្អាប់ ទៅតាមក្រុមគ្រួសារនីមួយៗ ឆ្ពោះទៅកាន់តំបន់រមណីយដ្ឋានវប្បធម៌ ទីប្រជុំជន និងទីវត្តអារាម ក្រោមកម្តៅថ្ងៃខែចេត្រ ប្រកបដោយក្តីសប្បាយរីករាយផងដែរ។

ភាពសប្បាយរីករាយទាំងនេះហើយ ដែលប្រជាពលរដ្ឋកម្ពុជា បានអរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ អតីតជានាយករដ្ឋមន្ត្រី ដែលបានលះបង់នូវអាយុជីវិត ដើមី្បនាំមកនូវសុខសន្តិភាព ជូនដល់ប្រជាជនកម្ពុជា និងកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា ដែលជាអ្នកបន្តវេនថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើន។ កត្តាសន្តិភាពនេះហើយ ដែលប្រជាពលរដ្ឋកម្ពុជា មានការជឿជាក់លើកិច្ចដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងជឿជាក់លើគោលមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាផង​ដែរ៕