(ត្បូងឃ្មុំ)៖ រយៈពេល៣ថ្ងៃ នៅថ្ងៃទី១៣ ១៤ និង១៥ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នៅទូទាំងខេត្តត្បូងឃ្មុំ មានភ្ញៀវទេសចរ ដើរលេងកម្សាន្តតាមតំបន់រមណីយដ្ឋាននានា សរុបចំនួន៣៤២,៥២០នាក់។

លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ឲ្យដឹងទៀតថា នាថ្ងៃទី១៣ ខែមេសា មានភ្ញៀវទេសចរណ៍ សរុបមានចំនួន១០០,៧៧០នាក់, ថ្ងៃទី១៤ ខែមេសា មានចំនួន១២០,៥៣០នាក់ និងថ្ងៃទី១៥ ខែមេសា មានចំនួន១៥០,៨៣០នាក់។

ចំពោះតំបន់ដែលមានពលរដ្ឋទៅលេងច្រើនជាងគេ គឺនៅបុរីរដ្ឋបាលទីរួមខេត្ត ដែលរដ្ឋបាលខេត្តរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តត្បូងឃ្មុំ» រយៈពេល៣ថ្ងៃ មានភ្ញៀវទេសចរសរុបប្រមាណ២៩៩,៣៦០នាក់។ ក្រោមការដឹកនាំរៀបចំដោយលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន នៅរង្វង់មូលមុខសាលាខេត្តត្បូងឃ្មុំ។

សូមជម្រាបថា ព្រឹត្តិការណ៍ សង្ក្រាន្តត្បូងឃ្មុំ ឆ្នាំនេះ រដ្ឋបាលខេត្តបានរៀបចំលេងល្បែងប្រជាប្រិយខ្មែរ ទាញព្រ័ត្រ, លាក់កន្សែង, វាយក្អម, ឡើងសសរខា្លញ់។ ជាមួយគ្នានេះ ក៏មានរៀបចំ «តំបន់ត្រជាក់» បាញ់ទឹក និងប្រគុំតន្រ្តីរាំលេងកម្សាន្តសប្បាយ។

បន្ថែមពីនេះ មានកម្មវិធីលេងកម្សាន្តសប្បាយៗជាច្រើនទៀត ព្រមទាំង រៀបចំស្តង់ពិព័រណ៍ ការប្រគុំតន្រ្តីសម័យ និងការបាញ់កាំជ្រួច អមជាមួយការតុបតែងភ្លើងលម្អនាពេលរាត្រីយ៉ាងស្រស់ស្អាតផងដែរ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំ «សង្ក្រាន្តត្បូងឃ្មុំ» នៅទីរួមខេត្ត រយៈពេល៤ថ្ងៃ គឺថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក៏ដូចជាបង្កបរិយាកាសសប្បាយរីករាយជូនពលរដ្ឋ (ក្រោមម្លប់សុខសន្តិភាព) ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕