(ពោធិ៍សាត់)៖ រមណីយដ្ឋាន «ភ្នំនាគស ឬល្អាងព្រះនាងរំសាយសក់» ដែលមានទីតាំង ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានជាទីចាប់អារម្មណ៍ របស់ទេសចរគ្រប់ទិសទី ដែលស្រលាញ់វប្បធម៌ ធម្មជាតិ និងចង់ដឹងពីប្រវត្តិសាស្ត្រនៅតំបន់នេះ ខណៈសន្ទុះភ្ញៀវទេសចរ មានការកើនឡើងគួរឱ្យកត់សម្គាល់ ពីមួយឆ្នាំទៅមួយឆ្នាំ។

យ៉ាងណាមិញ សន្ទុះភ្ញៀវទេសចរដែលមកលេង ក៏អាចធ្វើឱ្យប្រជាពលរដ្ឋរស់នៅតំបន់នេះ មានជីវភាពធូរធារមួយបានកម្រិត តាមរយៈការលក់ដូរម្ហូបអាហារ ភេសជ្ជ និងវត្ថុអនុស្សាវរីយ៍មួយចំនួន ដែរនេះគឺជាផ្នែកមួយនៃការលើកទឹកចិត្ត និងជម្រុញ ដល់ស្ថាបនិករៀបចំរមណីយដ្ឋាននេះ ឱ្យគាត់មានឱកាសបន្តការអភិវឌ្ឍន៍ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងកូនចៅយើងជំនាន់ក្រោយ។

បើតាមលោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា ជាប្រធានក្រុមការងារចុះជួយឃុំអន្សាចំបក់ ស្រុកក្រគរ និងឃុំស្រែស្តុក ស្រុកកណ្តៀង និងជាស្ថាបនិកទីតាំងនេះផ្ទាល់ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា រមណីយដ្ឋាន «ភ្នំនាគស ឬល្អាងព្រះនាងរំសាយសក់» គឺជារមណីយដ្ឋានមួយ ក្នុងចំណោមរមណីយដ្ឋានជាច្រើនទៀត ក្នុងខេត្តពោធិ៍សាត់ ដែលមានទេសភាពស្រស់ត្រកាល គួរជាទីគយគន់។ រមណីយដ្ឋានភ្នំនាគស ក៏ជារមណីយដ្ឋានវប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្ត្រមួយ ដែលបានផ្ដួចផ្ដើមកសាងឡើង ដោយរូបលោកផ្ទាល់ ក្រោមការជួយជ្រោមជ្រែង ពីលោក កែវ រតនៈ ពិសេសមានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អភិបាលខេត្តគ្រប់ជំនាន់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ការបង្កើតរមណីយដ្ឋាននេះឡើង គឺបានជួយការពារព្រៃឈើ ធម្មជាតិ សត្វព្រៃឱ្យនៅគង់វង្ស ទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ ពីសំណាក់ជនខិលខូចមួយចំនួន កាត់បន្ថយការចំណាយ និងហានិយភ័យគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងធ្វើឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានប្រភពចំណូលច្បាស់លាស់ផងដែរ។

អគ្គនាយករងអគ្គិសនីកម្ពុជា និងជាស្ថាបនិកទីតាំងនេះ បានបន្ថែមថា ជាង៤ឆ្នាំមកហើយ រមណីយដ្ឋាន «ភ្នំនាគស» បានវិវត្តន៍ខ្លួន និងបោះជំហ៊ានទៅមុខ ដែលធ្វើឱ្យទេសចរ មានការចាប់អារម្មណ៍មកទស្សនា និងថតរូបលេងកម្សាន្ត្ត កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែរទីតាំងនេះមានសមិទ្ធផល ជាច្រើនរួមមាន៖ ប៉មទស្សនារូបភាព៣៦០ដឺក្រេ, ទំនប់បង្ហៀរ, ចម្លាក់ព្រះពុទ្ធរូប, រូបព្រះអង្គតូច ព្រះអង្គធំ បាតដៃព្រះ, រូបអ្នកមានបារមី, រូបសំណាកលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ, រូបសំណាកព្រះនាងរំសាយសក់, រូបសំណាកសត្វគ្រប់ប្រភេទ, រូបសំណាកព្រះគោ ព្រះកែវ, រូបសំណាកគូរស្នេហ៍, ចាស់ព្រឹទ្ធាចារ្យ, ផ្លូវបេតុង, កន្លែងអង្គុយលេងកំសាន្ត, កន្លែងបាញ់ទឹក, ទីលានយន្ដហោះ, ផែនទីពិភពលោក, ផ្ទះសាងស្នេហ៍, សួនផ្កាទឹករាំ អមដោយម្លប់ដើមឈើត្រឈឹងត្រឈៃ និងភ្លើងអគ្គីសនី ភ្លើងសូឡាគ្រប់ទិសទី។

គិតមកទល់ពេលនេះ សមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធទាំងអស់ ក្នុងភ្នំនាគស ត្រូវចំណាយថវិកា សរុបរួមប្រមាណជាង៤លានដុល្លារ ដែលបានមកតាមរយៈការគៀងគរពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន រួមទាំងថវិកាបដិភាគរបស់លោកផ្ទាល់ ដើម្បីធ្វើការអភិវឌ្ឍតំបន់នេះ ក្នុងន័យទាក់ទាញភ្ញៀវទេសចរ និងផ្តល់កន្លែងដើរលេងកម្សាន្ត លំហែអារម្មណ៍បែបធម្មជាតិ ដោយឥតគិតថ្លៃ និងអាចឱ្យប្រជាពលរដ្ឋបានសិក្សាស្វែងយល់អំពីវប្បធម៌ ប្រវត្តិសាស្ត្រ ដែលមាននៅទីតាំងនេះ។

លោក អេង គន្ធា បានគូសបញ្ជាក់ថា សម្រាប់សមិទ្ធផលថ្មី ដែលត្រូវសាងសង់ជាបន្តបន្ទាប់ទៀតនោះ គឺព្រហ្មមុខ៤ កម្ពស់៧ម៉ែត្រ និងទំនប់ស្ទាក់ទឹកដ៏ធំមួយកន្លែង នៅចំណុចថ្មសំលៀង អ្នកតាធំ ដែលមានលទ្ធភាពស្តុកទឹកសម្រាប់ប្រើប្រាស់ និងបង្កបង្កើនផលបានជិត៣លានម៉ែនត្រគូប។ អ្វីៗដែលកើតមានសព្វថ្ងៃនេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ដូច្នេះហើយយើងត្រូវរួមគ្នាថែរក្សាសន្ដិភាព ឱ្យនៅគង់វង្សជារៀងរហូតតរៀងទៅ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕