(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានបន្តលេងល្បែងកម្សាន្តប្រជាប្រិយខ្មែរជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅវត្តស្រីទូល ស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីអបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរក្រោមម្លប់សន្តិភាព ។

ជាមួយគ្នានេះ លោកបានសម្ដែងនូវបីតិសោមនស្សរីករាយក្រៃលែង ដែលបានឃើញប្រជាពលរដ្ឋក្នុងមូលដ្ឋាននាំគ្នាលេងល្បែងប្រជាប្រិយខ្មែរ ដោយការទទួលខុសត្រូវ ចេះយោគយល់អធ្យាស្រ័យគ្នា និងបានរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរគួរឱ្យមោទនភាពក្រៃលែង។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋសូមបន្តរក្សាសុខសន្តិភាពឱ្យបានគង់វង្សស្ថិតស្ថិរ ទើបយើងមានឱកាសកម្សាន្តសប្បាយរីករាយដូចពេលនេះ និងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនឡើងថែមទៀត។

លោកក៏បានលេងល្បែងកម្សាន្តប្រជាប្រិយជាមួយប្រជាពលរដ្ឋ ដូចជា វាយក្អមលោតបាវ ទាញព្រ័ត្រ និងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ៕