(ភ្នំពេញ)៖ ជាមេដឹកនាំពោរពេញដោយក្តីសណ្តោស និងមិនដែលយកខ្មែរណាជាសត្រូវ​នោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសស្វាគមន៍ដោយក្តីរីករាយ​បំផុត ចំពោះពលរដ្ឋខ្មែរពីរនាក់ប្តីប្រពន្ធនៅប្រទេសអូស្ត្រាលី ដែលធ្លាប់ជេរប្រមាថ​សម្តេចតេជោ មិនសំចៃមាត់នោះឡើយ។

លោក ស៊ុត សារ៉េត និងលោកស្រី ម៉ៅ សាវឿន ខ្មែររស់នៅអូស្ត្រាលី ជាអ្នកដែលបានជេរ​ប្រមាថសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលយ៉ាងខ្លាំងក្លាបំផុត។ នៅពេលនេះ ពួកគេបានភ្ញាក់រលឹកនឹកស្តាយកំហុសរបស់ខ្លួន និងបានសូម​ទោសសម្តេចតេជោ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា​ផងដែរ។

ជាមួយការសូមទោស ខ្មែរនៅអូស្ត្រាលីទាំងពីររូបនេះ បានសម្តែងការសោកស្តាយជា​ខ្លាំងចំពោះកំហុសឆ្គងនាពេលកន្លងមក។

លោក ស៊ុត សារ៉េត ជាមួយការស្តាយកំហុស ក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំជាតិមួយរូប មានធម៌សណ្តោសប្រណីធំធេង មិនប្រកាន់ទោសទោះបីរូបលោកជេរប្រមាថកាត់ទានយ៉ាងធ្ងន់ធ្ងរបំផុតក្តី។

ក្រោយទទួលបានវីដេអូសូមទោសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍​ដោយ​រីករាយចំពោះការភ្ញាក់រលឹករបស់ខ្មែរនៅអូស្ត្រាលីពីរនាក់ប្តីប្រពន្ធនេះ។

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញខ្មែរពីរនាក់ប្តីប្រពន្ធនេះមកលេងខ្មែរ ហើយធ្វើ​ដំណើរទៅតាមព្រំដែនទាំងព្រំដែនជាមួយថៃ វៀតណាម និងឡាវ ដើម្បីយល់ពីសភាព​ពិត​នៅតាមព្រំដែនខ្មែរជាមួយប្រទេសដទៃ។

នៅក្នុងសារសំឡេងផ្ញើទៅកាន់លោក ស៊ុត សារ៉េត, សម​្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីការជីកព្រែកជីកហ្វូណន-តេជោផងដែរ។ ការបញ្ជាក់លើរឿងនេះ ក៏ដោយសារតែលោក ស៊ុត សារ៉េត បានបង្ហាញការគាំទ្រយ៉ាងមុតមាំលើការជីកព្រែកជីកនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះ មានគុណប្រយោជន៍មហាសាលណាស់សម្រាប់ខ្មែរ។ វាមិនត្រឹមតែបម្រើដល់ការដឹកជញ្ជូនទំនិញប៉ុណ្ណោះទេ តែក៏បានផ្តល់ជាប្រភពទឹកសម្រាប់ការស្រោចស្រប់របស់ប្រជាពលរដ្ឋផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះ មិនបម្រើដល់កិច្ចការយោធារបស់ប្រទេសណានោះឡើយ។ សម្តេចប្រធានព្រឹទ្ធសភា បញ្ជាក់ទៀតថា ការសាងសង់ព្រែកជីនេះ ធ្វើឡើងក្រោមទម្រង់ BOT (សាងសង់ ដំណើរការ និងផ្ទេរ)៕